ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូនៃកងយោធពលខេមរភូមិន្ទ ទៅចូលរួមកិច្ចប្រជុំ កំពូលសន្តិសុខអាស៊ីលើកទី២១ ឬហៅថាកិច្ចសន្ទនាសាំងគ្រីឡា(Shangri-La ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ខណៈកិច្ចសន្ទនានេះនឹងមានវត្តមានរដ្ឋ មន្រ្តីការពារជាតិប្រទេសជាង៥០ចូលរួម។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២១ ដែលប្រព្រឹត្តឡើងនាឆ្នាំ២០២៤នេះ នឹងពិភាក្សាគ្នាជាច្រើន លើប្រធានបទភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក, ការពង្រឹងការគ្រប់គ្រងវិបត្តិនៅពេលមាន ការប្រកួតប្រជែងកាន់តែកើនឡើង, ការកសាងសន្តិសុខសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក, បញ្ហាប្រឈម សណ្តាប់ធ្នាប់សន្តិសុខឆ្លងតំបន់, វិធីសាស្ត្ររបស់ចិនចំពោះសន្តិសុខសកល, ការតភ្ជាប់សន្តិសុខមហាសមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក, និងការគិតគូរឡើងវិញអំពីដំណោះស្រាយសម្រាប់ស្ថិរភាពតំបន់ជាដើម។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនា នោះនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថា ដើម្បីចែករំលែក ទស្សនៈមួយចំនួននៅក្នុងសម័យប្រជុំពេញអង្គទី៣ ស្តីពី«ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក» ដោយបង្ហាញ ទស្សនៈស្តីពីបញ្ហាប្រឈមថ្មីៗដែលកំពុងកើតមាននៅក្នុងតំបន់ និងសកលលោក ក៏ដូចជាចែករំលែកនូវការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការរួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរុងរឿងរបស់តំបន់ និងសកលលោកទាំងមូល។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលខាងលើ នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជាចូលរួមជំនួបពិភាក្សាការងារទ្វេភាគីជាមួយប្រមុខការពារ ជាតិប្រទេសជាមិត្តមួយចំនួនផងដែរ។
អមដំណើរឧបនាយករដ្ឋមន្ត្រី ដើម្បីចូលរួមកិច្ចប្រជុំខាងលើនេះរួមមាន នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ,នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ,ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង កងទ័ពជើងគោក និងជាអគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច រួមជាមួយនាយទាហាន ជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ មួយចំនួនទៀត។
កិច្ចសន្ទនា Shangri-La លើកទី ២១ ដែលរៀបចំដោយវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រដែលហៅកាត់ថាIISSនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងកិច្ចការងាររក្សាសន្តិសុខក្នុងតំបន់ ខណៈកិច្ចសន្ទនានេះគឺជាកន្លែងមួយសម្រាប់មេដឹកនាំ និងអ្នកបង្កើតគោលនយោបាយការពារជាតិ និងសន្តិសុខ អ្នកជំនាញ និងអ្នកប្រាជ្ញ ជួបសន្ទនាគ្នាដើម្បីចែករំលែកទស្សនៈ និងវិធីសាស្រ្តថ្មីៗ ស្តីពីបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមានក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភាក្សាអំពីដំណោះស្រាយចំពោះបញ្ហាប្រឈមទាំងនោះ៕
ដោយ៖ តារា