ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងសាធារណការ ៖ អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវវស្សា

ចែករំលែក៖

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្តីក្រើនរំលឹក និងអំពាវនាវ…! ដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងរដូវវស្សា ។

លោកថ្លែងថា ៖ សូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងទួល ចំណោទ។

បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ហើយការដ្ឋានកំពុងមមាញឹកខ្លាំង ដូចនេះស្ថានភាពនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។

ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

ក្រុមការងារការដ្ឋាន ព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន និងមមាញឹកខ្លាំង ដោយសម្រេចលទ្ធផល៥៦.៥៦%ហើយគិតត្រឹមបំណាច់ខែឧសភា។ នៅបំណាច់ខែមិថុនា ឆ្នាំ២០២៤ខាងមុខ ការដ្ឋាននឹងសម្រេចឱ្យបាន៦០%។

ការដ្ឋានចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ កំពុងមមាញឹកលើការងារអ៊ុត AC។ ក្រុមការងារបានធ្វើ Base Course ជាអតិប្បរមា និងការងារ Structure ត្រូវអ៊ុត AC បញ្ចប់នៅរដូវប្រាំង ឆ្នាំ២០២៥ខាងមុខនេះហើយ។

លោកបន្តថា ៖ ន័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត។

សូមឱ្យការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព..! ៕ 

ដោយ ៖ សិលា


ចែករំលែក៖