ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងសារលិខិតអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារកុមារពីគ្រប់ទម្រង់នៃការកេងប្រវ័ញ្ចពលកម្មកុមារ ព្រមទាំងអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធរួមគ្នាទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ ស្របតាមផែនការសកម្មភាពជាតិស្តីពីការកាត់បន្ថយពលកម្មកុមារ និងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ២០១៦-២០២៥ និងគោលដៅអភិវឌ្ឍន៍សាកលប្រកបដោយចីរភាព ២០១៥-២០៣០។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់និងផ្តល់យុត្តិធម៌សង្គម ដោយធានាឱ្យមានសមភាពរវាងកុមារានិងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។

ក្នុងសារលិខិតនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖