ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រុងប្រយ័ត្ន! សត្វថ្លែនខាំ កុមារ៉ាម្នាក់ស្លាប់ នៅ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលស្រុកពេជ្រាដា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានករណីកុមារ៉ាម្នាក់ ដែលមានអាយុ៧ឆ្នាំ ត្រូវបានសត្វថ្លែនមួយក្បាលខាំ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត នៅភូមិពូរ៉ាប៉ែត( អូរតេ ) ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។

កុមារ៉ារងគ្រោះឈ្មោះ ហែល បញ្ញា ភេទប្រុស អាយុ ៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សមានទីលំនៅបច្ចុប្បន្នរស់នៅ ភូមិពូរ៉ាប៉ែត( អូរតេ ) ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

តបតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ វណ្ណា ហែល ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុក និងឈ្មោះ ស្រី ចាន់រ៉ា ភេទស្រី អាយុ ៣៥ ឆ្នាំត្រូវជាម្ដាយ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ៖ នៅវេលាម៉ោង ០១និង២០នាទីយប់ កូនរបស់គាត់បានចូលដេកក្នុងមុងកំពុងតែដេកលង់លក់ ស្រាប់តែមានសត្វថ្លែនមួយបានចូលមកក្នុងមុងហើយបានខាំមេដៃខាងឆ្វេងកូនប្រុសរបស់គាត់ បណ្ដាលឲ្យចេញឈាមនិងមានការឈឺចុកចាប់យ៉ាងខ្លាំង នៅពេលនោះពួកគាត់ក៏នាំគ្នាវាយសត្វថ្លែននោះអោយងាប់ទៅ។

បន្ទាប់មករហូតដល់ម៉ោង០២និង០០នាទី ក៏បានយកកូនទៅប៉ុស្តិ៍សុខភាពឃុំពូជ្រៃ ដោយផ្លូវឆ្ងាយហើយ មានការលំបាកមានភ្លៀងធ្លាក់ហើយក៏រអិលផងនោះ ទៅដល់ពាក់កណ្តាលផ្លូវ កូនក៏ធ្វើទុក្ខ យ៉ាងខ្លាំងដោយដកចង្កាមាន់និងកន្ត្រាក់ដៃ.ជើង ពេលដឹកទៅដល់ប៉ុស្តិ៍សុខភាព នៅវេលាម៉ោង០៥និង៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានប្រាប់ខ្ញុំថា ៖ កូនរបស់ខ្ញុំបានស្លាប់បាត់ទៅហើយ ។

មូលហេតុ នៃការស្លាប់ដោយសារ ៖ សត្វថ្លែនខាំបណ្តាលអោយ(ស្លាប់)។

កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ ទៅលើដងខ្លួននៃសពផ្នែកក្បាល ផ្នែកដងខ្លួន និង ផ្នែកអវយវៈ ដោយពុំឃើញមានស្លាកស្នាមដាច់រលត់នៅលើសពកុមារ៉ារងគ្រោះឡើយក្រៅពី ស្នាមខាំលើមេដៃខាងឆ្វេងរបស់ សាកសពតែប៉ុណ្ណោះ។

បច្ចុប្បន្នសពក្មេងរងគ្រោះ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណីជាតិនៅភូមិឃុំដែលបានកើតហេតុខាងលើ៕

អរុណរះ

 


ចែករំលែក៖