ភ្នំពេញ:សាលាដំបូង និងអយ្យការអម សាលាដំបូងរាជធានីខេត្ត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញ បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងចំនួន ៩ ករណី ដែលមានជនសង្ស័យចំនួន ៥០ នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២៩ នាក់ និងរត់គេចខ្លួនចំនួន ២១ នាក់។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕
ជ្រោយពេជ្រ