ខេត្តតាកែវ ៖ យោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលក្រុមការងារកាសែតនគរវត្ត និងនគរដ្រេហ្គន ទេីបទទួលបាននារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា គណនេយ្យហ្វេសប៊ុកឈ្មោះ Prom Sophai ដែលបានបង្ហោះតាមរយៈ Facebook ដោយមានខ្លឹមសារថា «ជើងកាងប្រចាំសាលាថ្នាក់ទី៨ច វិទ្យាល័យជាស៊ីម តាកែវ ជូនពរប្អូនៗសប្បាយកប់ទំនងប្អូនៗមានឪពុកម្ដាយជាមន្ត្រីរាជការផងដែរ»។
ដោយអនុវត្តនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្ដមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងបី សហការជាមួយកម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ុង ញុីវ នាយការិយាល័យ បានចុះដល់វិទ្យាល័យជាស៊ីមតាកែវ ដើម្បីជួបនិងសហការជាមួយលោកនាយក នាយករង និងលោកគ្រូ អ្នកគ្រូ ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតរកសិស្សស្រីៗ ដែលបានធ្វើសកម្មភាព វាយតប់គ្នានៅក្នុងថ្នាក់រៀនដែលត្រូវបានថតជាវីដេអូរួចបង្ហោះលើបណ្ដាញសង្គម និងមានការចែករំលែកជាបន្តបន្ទាប់ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈក្នុងសាលារៀនរួមទាំងសង្គមជាតិ យកមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
លុះដល់ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តតាកែវ។ ក្រោយពីមានការអប់រំណែនាំពីសមត្ថកិច្ច និងបានទទួលស្គាល់នូវកំហុសរបស់ខ្លួនដែលបានធ្វើសកម្មភាពវាយតប់គ្នា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានធ្វើកិច្ចសន្យាអប់រំណែនាំ និងបាននាំទៅមើលពន្ធនាគារខេត្តតាកែវទុកជាការព្រមានដេីម្បីដាស់តឿនស្មារតីកុំឲ្យបន្តធ្វើរឿងផ្សេងៗដែលល្មេីសនឹងច្បាប់ ប្រសិនបើប្អូនៗមិនរាងចាលនៅតែបន្តធ្វើទៀត កន្លែងនេះហេីយជាកន្លែងសម្រាប់ប្អូនៗត្រូវមកស្នាក់នៅបណ្ដោះអាសន្នជំនួសឲ្យផ្ទះរបស់ខ្លួនឯង និងធ្វើកិច្ចសន្យាត្រូវបញ្ឈប់ធ្វើរាល់សកម្មភាពល្មេីសច្បាប់ ឬអសីលធម៌ផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ព្រមទាំងឲ្យអាណាព្យាបាលរៀងៗខ្លួនធានាដេីម្បីឲ្យប្អូនៗបានវិលត្រឡប់ទៅផ្ទះបន្តការសិក្សាជាធម្មតាវិញ និងកែប្រែខ្លួនឲ្យក្លាយទៅជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គមជាតិ៕
ដោយ ៖ ភារ៉ា ដង្កោ