សឹង្ហបុរី៖ លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នាព្រឹកថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤នេះ បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គទី៣ស្តីពី “ការកសាងសន្តិសុខសហប្រតិបត្តិការនៅអាស៊ី-ប៉ាស៊ីហ្វិក” យ៉ាងដូច្នេះថា៖ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានឈានចូលក្នុងយុគសម័យដ៏ច្របូកច្របល់ក្នុងទំនាក់ទំនងអន្តរជាតិ ខណៈពេលដែលទិដ្ឋភាពសន្តិសុខបច្ចុប្បន្នត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា មានភាពមិនប្រាកដប្រជា កាន់តែដុនដាប និងមានការប្រែប្រួលយ៉ាងឆាប់រហ័សពិបាកប៉ាន់ស្មាន។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងការពារជាតិ។
លោករដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះ បានថ្លែងបន្ថែមថា បើទោះជាការប្រឈមមុខផ្នែកយោធាដោយផ្ទាល់ទំនងជាមិនអាចកើតឡើងក្តី ក៏ហានិភ័យនៃជម្លោះកើតឡើងជាយថាហេតុ និងការរីករាលដាលនៃជម្លោះ កំពុងតែកើនឡើង ជាពិសេសដោយសារតែបញ្ហាក្តៅជាច្រើនបានកំពុងកើតឡើង និងលទ្ធភាពនៃការវាយតម្លៃស្ថានការណ៍ខុស ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា បញ្ហាសន្តិសុខដែលជាកង្វល់ចំពោះមុខ គឺមានច្រើននឹងបន្តបង្កឱ្យមានផលវិបាកយូរអង្វែង ដោយបញ្ហាទាំងនោះមានដូចជា ការកើនឡើងនូវបញ្ហាសន្តិសុខមិនប្រពៃណី និងភាពងាយរងគ្រោះនៃសន្តិសុខមនុស្សពាក់ព័ន្ធនឹងបញ្ហាដូចជា បម្រែលបម្រួលអាកាសធាតុ ធនធានទឹក សន្តិសុខស្បៀង ថាមពល និងជំងឺឆ្លង អំពើភេរវកម្ម ការជួញដូរគ្រឿងញៀន ការជួញដូរ និងរត់ពន្ធមនុស្ស ក៏ដូចជាហានិភ័យនៃការគំរាមកំហែងសន្តិសុខប្រពៃណីរួមមាន ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងមានភាពតានតឹងកាន់តែខ្លាំង ជម្លោះទឹកដីដែលមិនទាន់មានដំណោះស្រាយ និងការបន្តរីករាលដាលនៃការប្រណាំងប្រជែងសព្វាវុធ ព្រមទាំងបច្ចេកវិទ្យាដែលមិនមានការគ្រប់គ្រងជាដើម។
សូមជម្រាបជូនថា ពីកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានគូសរំលេចថា ការកសាងកិច្ចសហប្រតិបត្តិការ សន្តិសុខ មានសារសំខាន់សម្រាប់សន្តិភាព និងសន្តិសុខ ការលើកកម្ពស់នូវយន្តការពហុភាគីនិយម ដែលមានស្រាប់ដូចជាកិច្ចសហប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។
ឆ្លៀតនាឱកាសនោះ ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា បានអំពាវនាវ ឱ្យពង្រឹង និងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗ មកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នាក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕
ដោយ៖តារា