ព័ត៌មានទាន់ហេតុការណ៍៖

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស មូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួនសរុបប្រមាណ ៦៥០ នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។

ក្នុងនាមជា ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដែលបានចូលរួមគាំទ្រ និងបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» យ៉ាងច្រើនលើសលប់ ក្រោយយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយគិតចាប់តាំងពីថ្ងៃទី២៨ ខែឧសភា រហូតមកដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ មានសប្បុរសជនបានចូលរួមប្រមាណ ៧ ម៉ឺននាក់ គិតជាថវិកាមានចំនួនប្រមាណ ៥៦ ម៉ឺនដុល្លារ អាម៉េរិក ដែលនេះសបញ្ជាក់ឱ្យឃើញពីការចូលរួមយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល ។ ជាមួយនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ផងដែរថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ ខែ ដោយគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយលោកជំទាវបណ្ឌិត បានអំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញសួរសុខទក្ខ និងជូនថវិកាមួយចំនួនដល់ស្ត្រីទើបសម្រាលកូនរួច នៅតាមបន្ទប់សម្រាកនៃមន្ទីរពេទ្យ ផងដែរ ៕

ដោយ៖តារា


ចែករំលែក៖