ព័ត៌មានទាន់ហេតុការណ៍៖

បុរសនិងស្ត្រី០២នាក់របួសយ៉ាងធ្ងន់ ខណៈត្រូវរថយន្តហុីយ៉ាន់ដាយបេីកបុកម៉ូតូកំពុងជិះចំពីមុខពេញទំហឹង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកហុីយ៉ាន់ដាយមួយគ្រឿងបានបេីកចូលកន្លងផ្លូវខាងឆ្វេងទៅបុកម៉ូតូហុងដាឌ្រីមចំពីមុខពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ និងស្ត្រីម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩ និង៥០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរបន្ទាយកងទ័ពជេីងគោក តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនដំបូងគេឃេីញរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 3F-0669 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែវ៉ាជែងចូលទៅកន្លងផ្លូវខាងឆ្វេង(បញ្ច្រាស់)ទៅបុកចំពីមុខម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង1AN-0362 ដែលជិះដោយបុរសម្នាក់ និងស្ត្រីម្នាក់ បានឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកេីត(ស្របផ្លូវ) ចំពីមុខពេញទំហឹង បណ្ដាលឲ្យម៉ូតូគៀបជាប់និងរថយន្តបង្ករងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យភាគីខាងម៉ូតូ មានបុរសម្នាក់ និងស្ត្រីម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ជួយសម្រួលចរាចរណ៍ និងបានទាក់ទងទៅក្រុមរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះដេីម្បីយកទៅសង្គ្រោះអាយុជីវិត ។ ដោយឡែកតៃកុងរថយន្តបង្ក ពេលកេីតហេតុភ្លាមៗនោះបានចុះគេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តបង្កទុកចោលនៅនឹងកន្លែង ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញ ធ្វេីការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖