ភ្នំពេញ៖ គ្រឹះស្ថានអង្គរបានប្រកាសថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ សរុបមានជាង ២២លានដុល្លារអាមេរិក កើនឡើងជិត៤០ភាគរយ បើធៀបនឹងឆ្នាំមុន។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានបង្ហាញថា រយៈពេល៥ខែ ដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់សំបុត្រចូលតំបន់អង្គរ សរុបមានចំនួន ២២,២០៦,៨៩១ ដុល្លារ ក្នុងចំណោមទេសចរបរទេសសរុប ៤៧២,២៥៨នាក់។ ដោយឡែកក្នុងខែឧសភា ទេសចរបានទិញសំបុត្រមាន ៥០,៨៧៩នាក់ ស្មើនឹងទឹកប្រាក់ ២,២៨៩,៣៥៨ដុល្លារ។
គ្រឹះស្ថានអង្គរ បានឲ្យដឹងពីការលក់សំបុត្រទូកកម្សាន្តនៅតំបន់ផែចុងឃ្នៀស រយៈពេល៥ខែ មកនេះ ចំណូលពីការលក់សំបុត្រទូកសរុប មានចំនួន ៤០០,៣០២ដុល្លារ។ ចំណែកតំបន់ប្រាសាទកោះកេរ សរុប៥ខែមកនេះផងដែរ មានចំនួន ១០,១២៧នាក់ ស្មើនឹង ១៥១,៩០៥ដុល្លារ។
គួរបញ្ជាក់ថា ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប រមណីដ្ឋានអង្គរ ទំហំ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ពេញនិយមបំផុតនៅប្រទេសអាស៊ីអាគ្នេយ៍៕
ដោយ៖ សូរិយា