ភ្នំពេញ÷នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំស្តីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងខែឧសភា ឆ្នាំ២០២៤ និងទិដៅខែមិថុនា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អនុប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ,ទីប្រឹក្សា, រួមទាំងឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង គ.ជ.គ.ម. , លោកប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធផងដែរ ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងរដូវប្រាំង ឆ្នាំ២០២៤កម្ពុជាក៏ដូចជាបណ្តាប្រទេសក្នុងតំបន់បានទទួលរងរលកកម្តៅក្នុងកម្រិតខ្ពស់ជាមួយនឹងសីតុណ្ហ ភាពប្រចាំថ្ងៃក្នុងរង្វង់ពី ៤០-៤២អង្សាសេ ជាពិសេសនៅក្នុងដំណាច់ខែមេសា កម្រិតកម្តៅអតិបរមាបានឡើងដល់៤៣អង្សាសេ នៅតាមបណ្តាខេត្តឧត្តរមានជ័យ និងស្ទឹងត្រែង ជាដើម ប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ ដែលកម្តៅអតិបរមា ៤២,៦អង្សាសេ។
ការទទួយលរងឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ដែលគ្របដណ្តប់មកលើឈូងសមុទ្ទថៃ និងភាគ កណ្តាលនៃអាងទន្លេមេគង្គលើ បានបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយនិងជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រកម្ពុជា ស្ទើរគ្រប់កន្លែងក្នុងបរិមាណតិចច្រើនដោយកន្លែងចាប់ពីថ្ងៃទី០៣ ខែ ឧសភា មកហើយក៏បានធ្វើឱ្យកម្រិត កម្តៅធ្លាក់ចុះពី ៤ទៅ ៥អង្សាសេ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ តាមការព្យាករណ៍របស់ក្រសួងជំនាញ រដូវវស្សាអាចនឹងចូលមកដល់នៅដំណាច់ខែឧសភា យឺតជាងរាល់ឆ្នាំដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល។
ក្នុងវិស័យកសិកម្មការងារប្រមូលផលស្រូវប្រាំង ឆ្នាំ ២០២៣-២០២៤ ត្រូវបានបញ្ចប់ក្នុងលទ្ធផល សម្រេច ៨២៥,៥៥៥ហិកតាស្មើនឹង ៩៨,២៨% លើផ្ទៃដីអនុវត្តចំនួន ៨៤០,១៨៨ហិកតា បន្ទាប់ពីទទួល រងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះរាំងស្ងួត និងទទួលបានការអន្តរាគមន៍បូមទឹកនិងបើកបញ្ចេញ ទឹកពីប្រព័ន្ធ ស្រោចស្រព តូច ធំ ដើម្បីសង្គ្រោះដំណាំស្រូវប្រាំង ដែលមានការខ្វះខាតទឹកនៅមូលដ្ឋានខេត្ត មួយចំនួន។
ការងារបង្កបង្កើនផលស្រូវវស្សា ឆ្នាំ២០២៤ មានបរិមាណតិចតូចនៅឡើយ នៅតាមបណ្តាខេត្ត ដែលទទួលបានទឹកភ្លៀងសមល្មមអាចអនុវត្តបានជាពិសេសតាមបណ្តាខេត្តឆ្នេរសមុទ្រ៕