ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារនៃជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងសម្តេចមហាបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជានិងលោក ចូ សួរអ័រ (Jo Scheuer) ប្រធានសម្របសម្រួល នៃប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ បង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

នារសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំលើកទី ៧ រវាងរាជរដ្ឋាភិបាល កម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ នៅវិមានសន្តិភាព។

មានប្រសាសន៍នៅក្នុងជំនួបពិភាក្សា សម្តេចធិបតី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំនូវកិច្ចពិភាក្សា ប្រចាំឆ្នាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិ ដោយការរៀបចំកិច្ចពិភាក្សានេះ គឺជា ការអនុវត្តបន្តយន្តការ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តួចផ្តើមគំនិតបង្កើតឡើង និងបានដាក់ឱ្យអនុវត្តប្រមាណ ១ ទសវត្សរ៍កន្លងមក ដែលកិច្ចពិភាក្សានេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយ ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងការចូលរួមចំណែក អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៅទៀត ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤នេះ ឆ្លុះបញ្ចាំងអំពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល សំដៅរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ, សាមគ្គីភាព, កិច្ចអភិវឌ្ឍន៍ និងវិបុលភាពរួមសម្រាប់ ទាំងអស់គ្នា ហើយជំនួបប្រចាំឆ្នាំលើកនេះក៏ជាវេទិកាសម្រាប់ប្រព័ន្ធអង្គការសហប្រជាជាតិដែលផ្តល់ការគាំទ្រ ប្រកបដោយស័ក្តិសិទ្ធិភាពដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តគោលដៅអាទិភាព នៃកិច្ចអភិវឌ្ឍន៍ក្នុងដំណើរ ឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរអំពីជំនួបពិភាក្សាប្រចាំឆ្នាំ ដោយកំណត់យកមូលបទ៖

“ពង្រីកសមត្ថភាពផលិតសំដៅឈានទៅចាកចេញប្រកបដោយចីរភាព របស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍

តិចតួច” ហើយជ្រើសរើសប្រធានបទសំខាន់ ២ សម្រាប់ពិភាក្សា គឺ៖ ទី១) “ជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការអប់រំ”; និងទី២) “ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន” ។

គោលដៅចម្បងនៃជំនួបពិភាក្សាឆ្នាំ២០២៤ នេះគឺ៖ ទី១) ពិនិត្យរួមគ្នាលើកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធអង្គការសហប្រជាជាតិកន្លងមក ក្នុងការរួមចំណែកដល់ការអភិវឌ្ឍកម្ពុជា និងលើកឡើងអំពីបណ្តាអាទិភាព នៃក្របខ័ណ្ឌសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨; និងទី២) ពិនិត្យរួមគ្នាដើម្បី កំណត់បញ្ហាប្រឈមដែលអាចកើតឡើងជាយថាហេតុពីការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញដោយរលូន និងប្រកបដោយចីរភាព។

បន្ទាប់ពីកិច្ចពិភាក្សា និងបទអន្តរាគមន៍លើប្រធានបទសំខាន់ៗរបស់ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាល តំណាងប្រព័ន្ធអង្គការសហប្រជាជាតិតាមវិស័យនីមួយៗ ក៏បានបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រ ក៏ដូចជាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ដើម្បី ចូលរួមចំណែកក្នុងការគាំទ្រកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប្រកបដោយចីរភាព និងសម្រេចបាន នូវការអភិវឌ្ឍមូលធនមនុស្សតាមរយៈការអប់រំ និងការពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់ យុវជន ដើម្បីចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងការសម្រេចបាន នូវចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

ក្នុងងឱកាសនៃការថ្លែងសន្ទរកថាបិទកិច្ចពិភាក្សានេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធអង្គការសហប្រជាជាតិជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ដើម្បីបន្តលើកកម្ពស់ភាពជាដៃគូក្នុងការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព សម្តេចធិបតី បានផ្តល់អនុសាសន៍លើការងារអាទិភាព រួមមាន៖ ទី១) បញ្ចប់ការរៀបចំបង្កើតគណៈកម្មាធិការដឹកនាំការងារ (Joint Steering Committee) ឱ្យបានឆាប់ ដែលនេះជាយន្តការសម្រាប់ពិនិត្យការអនុវត្តក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព, ផ្តល់ទិសដៅជាយុទ្ធសាស្ត្រ និងផ្តល់កិច្ចសម្របសម្រួលរវាងរាជរដ្ឋាភិបាលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដែលមានអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រធានសម្របសម្រួល

នៃប្រព័ន្ធអង្គការសហប្រជាជាតិ ជាសហប្រធាន, ទី២) អនុវត្តឱ្យមានប្រសិទ្ធភាពនូវផែនការការងាររួម (Joint Work Plan) របស់ប្រព័ន្ធអង្គការសហប្រជាជាតិ ដែលជាឧបករណ៍សម្រាប់ធានាឱ្យមានកិច្ចសហការគ្នា ក្នុងការអនុវត្តសកម្មភាពរវាងបណ្តាភ្នាក់ងារនៃប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាលើកកម្ពស់គណនេយ្យភាព ចំពោះលទ្ធផលក្នុងកិច្ចអភិវឌ្ឍន៍ (Accountability for Development Results) បន្ទាប់ពីផែនការការងាររួមនេះ ត្រូវបានអនុម័តដោយគណៈកម្មាធិការដឹកនាំការងារ, និង ទី៣) ពិភាក្សាយ៉ាងជិតស្និទ្ធជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោង ឬកម្មវិធីក្នុងគោលដៅឆ្លើយតបនឹងតម្រូវការពិតប្រាកដ របស់ក្រសួង និងស្ថាប័ន ក៏ដូចជាធានាសង្គតិភាពជាមួយវិស័យអាទិភាពដែលបានកំណត់ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិ ឆ្នាំ២០២៤-២០២៨, និងរៀបចំបញ្ចប់ក្របខ័ណ្ឌហិរញ្ញប្បទានពហុឆ្នាំ (Multi-year Funding Framework) និងរួមគ្នាកៀរគរហិរញ្ញប្បទាន ពីដៃគូអភិវឌ្ឍន៍ដទៃទៀត សម្រាប់បន្ថែមដើម្បីបំពេញឱ្យធនធានផ្ទាល់របស់ប្រព័ន្ធអង្គការសហប្រជាជាតិក្នុងគោលដៅធានាឱ្យមានធនធានគ្រប់គ្រាន់សម្រាប់អនុវត្តសកម្មភាពទាំងអស់៕

ដោយ ៖ សិលា


ចែករំលែក៖