ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចនៃការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Montreal តំណាងដោយ លោក Kelvin Mo ប្រធានសភាពាណិជ្ចកម្ម ដែលមានបំណងស្វែងយល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ពិសេសការវិនិយោគក្នុងវិស័យកសិកម្មនិងការកែច្នៃ វិស័យទេសចរណ៍ សុខាភិបាល អចនទ្រព្យ សេវាកម្ម និងឧស្សាហកម្ម។
មានមតិក្នុងជំនួបពិភាក្សាដ៏មនោរម្យនេះ លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានធ្វើដំណើរក្នុងចម្ងាយផ្លូវដ៏ឆ្ងាយដើម្បីមកសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ លោកបានជម្រាបជូនសមភាគីអំពីវឌ្ឍនភាពចុងក្រោយនៃការអភិវឌ្ឍរបស់កម្ពុជាដែលស្តែងចេញតាមរយៈស្ថិរភាពនយោបាយ, ម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង, និងកំណើនឥតឈប់ឈរនៃរំហូរវិនិយោគ។ បន្ថែមពីនេះ លោកក៏បានគូសរំលេចអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលកាន់តែមានភាពបើកចំហ, ទាក់ទាញ, និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសការគាំទ្ររបស់រាជរដ្ឋាភិបាលដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានានូវក្របខ័ណ្ឌច្បាប់ដែលមានប្រសិទ្ធភាព, ការដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្ដល់ការលើកទឹកចិត្តដល់ការវិនិយោគ, និងការវិនិយោគយ៉ាងសន្ធឹកសន្ធាប់ទៅលើធនធានមនុស្ស និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់នានា ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
ជាការឆ្លើយតប លោកប្រធានការិយាល័យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងការទទួលជួបពិភាក្សាជាមួយគណៈប្រតិភូ និងបានសម្តែងនូវសុទិដ្ឋិនិយមថាព័ត៌មានដែលការិយាល័យតំណាងទទួលបានយ៉ាងគ្រប់ជ្រុងជ្រោយនាឱកាសដំណើរទស្សនកិច្ចមកកាន់កម្ពុជាក្នុងពេលនេះគឺបានផ្តល់នូវមូលដ្ឋានគ្រប់ជ្រុងជ្រោយសម្រាប់គណៈប្រតិភូដែលរួមដំណើរនាពេលនេះ ហើយក៏នឹងសម្រាប់ពាំនាំយកទៅផ្សព្វផ្សាយជូនសហគមន៍ធុរកិច្ចនៅកាណាដាដែលមានបំណងពង្រីកសកម្មភាពវិនិយោគនិងធុរកិច្ចរបស់ខ្លួននៅកម្ពុជាផងដែរ ៕
ដោយ ៖ សិលា