ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា តាមបណ្តាខេត្ត ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៧%

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា តាមបណ្តាខេត្ត ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៧% ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ៖

សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៣°C ។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កំពង់ធំ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៧%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបូព៌មានល្បឿនមធ្យម ២,៥ម៉ែត្រវិនាទី។ ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពអប្បបរមា២៣°C និងសីតុណ្ហភាពអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម ១,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖