ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗ​ ខណៈកំពុងជិះម៉ូតូតាមដងផ្លូវត្រូវរថយន្តឡិចសុីសបុកពីក្រោយ​ឱ្យដួល​ហេីយត្រូវរថយន្ត MERCEDES BENZ បេីកមកកិនបន្ថែម

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ​ ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូតាមដងផ្លូវក៏ត្រូវរថយន្តឡិចសុីសមួយគ្រឿងមិនចាំផ្លាកលេខបេីកមកបុកពីក្រោយខ្ទាតជាច្រេីនម៉ែត្រ​ ហេីយត្រូវរថយន្តម៉ាក​MERCEDES BENZ G350 មួយគ្រឿងទៀតបេីកបរដោយបុរសជនជាតិចិន​ធ្វេីដំណេីរមកតាមក្រោយកិនបន្ថែម​។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០​និង៥០នាទីយប់​ ថ្ងៃទី៥​ ខែមិថុនា​ ឆ្នាំ​២០២៤​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី​ ក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។ 

​    សពជនរងគ្រោះមានឈ្មោះ​ ទួត​ ចន្ធូ​ ភេប្រុស​ អាយុ៣៤ឆ្នាំ​ មានទីកន្លែងកំណេីតនៅឃុំព្រៃញី​ ស្រុកសំពៅមាស​ ខេត្តពោធិ៍សាត់​ ។

​    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនដំបូងគេសង្កេតឃេីញបុរសរងគ្រោះ​ជិះម៉ូតូម៉ាកហុងដា​ ឃ្លីក​ ពណ៌ក្រហម​ ពាក់ផ្លាក​លេខ​ ភ្នំពេញ1BF-2923 តែម្នាក់ឯង​តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សុី​ក្នុងទិសដៅពីលិចទៅកេីត​ លុះពេលមកដល់ចំណុចកេីតហេតុក៏មានរថយន្តម៉ាក​ឡិចសុីសមួយគ្រឿងមិនចាំផ្លាកលេខ​បានធ្វេីដំណេីរមកតាមក្រោយក្នុងល្បឿនលឿនល្មម​ រួចក៏បុកម៉ូតូជនរងគ្រោះដួលលេីថ្នល់អូសជាច្រេីនម៉ែត្រ​ ។ ភ្លាមៗនោះរថយន្តបង្កម៉ាកឡិចសុីស​ខាងលេីបានបន្តបេីកទៅមុខរត់គេចខ្លួនបាត់​ស្រមោលទៅ ។ ស្របពេលនោះផងដែរ​ ក៏មានរថយន្តបង្កមួយគ្រឿងទៀតម៉ាក​ MERCEDES BENZ G350 ពាក់ផ្លាក​លេខ​ កម្ពុជា YAN.6868​ បេីកបរដោយបុរសម្នាក់ជាជនជាតិចិន​ ធ្វេីដំណេីរមកតាមក្រោយក្នុងល្បឿនលឿន​ និងមិនប្រយ័ត្នបានកិនជនរងគ្រោះដែលកំពុងដេកដួលលេីថ្នល់​ បណ្ដាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ​ តែរថយន្ត MERCEDES BENZ G350​ ដែលបេីកបរដោយជនជាតិចិនមិនបានបេីកគេចខ្លួននោះឡេីយ​ និងបានឈប់រថយន្តនៅកន្លែងកេីតហេតុផងដែរ​។  

​   ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានឃាត់តៃកុងរថយន្តបង្ក MERCEDES BENZ G350​ ជាជនជាតិចិនខាងលេី​ ប្រគល់ឱ្យសមត្ថកិច្ចជំនាញ​ចាត់ការបន្ត​ ។ ដោយឡែករថយន្តបង្កនិងម៉ូតូរងគ្រោះ​ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាបន្តនាពេលក្រោយ​ ។ រីឯសពជនរងគ្រោះ​ ក៏ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុ​និងទាក់ទងទៅសាច់ញាតិក្រុមគ្រួសារឱ្យមកទទួល​យកទៅធ្វេីបុណ្យតាមប្រពៃណី៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖