ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ

ចែករំលែក៖

ខេត្តកំពត ៖ នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធកំពង់ផែអន្តរជាតិកំពត នៅក្រុងបូកគោ ខេត្តកំពត» នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ទោះបីជាកំពង់ផែពហុបំណងកំពតនេះគឺជាការបោះទុនវិនិយោគដោយវិស័យឯកជនដែលមានក្រុមហ៊ុន Kompot Port ជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍន៍កំពង់ផែនេះក៏ពិតមែន ក៏កំពង់ផែនេះចូលរួមចំណែកក្លាយជាសសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និងធ្វើឱ្យប្រសើរឡើងនូវសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្តូរទំនិញ រួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅកំពត ក៏ដូចជាការអភវិឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ វិស័យកំពង់ផែគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និងគៀងគរហិញ្ញប្បទានព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអោយកាន់តែរីកចម្រើនបន្ថែមទៀត។ ដោយឡែកកំពង់ផែពហុបំណងកំពតត្រូវចាត់ទុកជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើបប្រកបដោយសារៈសំខាន់ ដែលនឹងជួយបំពេញបន្ថែមលើមុខងាររបស់កំពង់ផែក្រុងស្វយ័តព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់មួយ ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកគ្រប់បែបយ៉ាងសម្រាប់កម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការដឹកជញ្ជូនតាមផ្លូវទឹកនៅតែជាជម្រើសដ៏ល្អសម្រាប់ប្រទេស ដោយសារតែការដឹកជញ្ជូនតាមផ្លូវទឹកនេះ វាដឹកបានច្រើនហើយវាមានតម្លៃសមរម្យទៅទៀត។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឈ្នួញទិញលក់ដី សូមកុំទៅទិញដីនៅតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ ដែលនាំឱ្យរដ្ឋាភិបាលពិបាកក្នុងការដោះស្រាយ នៅពេលអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖