ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈនៃក្រសួងការងារ ឆ្លើយតបនិងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤​កន្លងមកនេះ​ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានជូនសាធារណជនចំនួនជិត ១១ម៉ឺន ៦ពាន់ដង តាមរយៈការហៅទូរសព្ទចូល(Hot Line) លេខ ១២៨៦ និង ១២៩៧។ នេះបើតាមការបញ្ជាក់ពី លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ 

អ្នកនាំពាក្យបានគូសបញ្ជាក់បន្ថែមថា ជាការកត់សម្គាល់ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៤នេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ បានធ្វើការយ៉ាងសកម្ម និងមានប្រសិទ្ធភាពក្នុងការឆ្លើយតបមតិ យោបល់ សំណួរ និងបញ្ហារបស់សាធារណជនបានទាន់ពេលវេលា និងឆាប់រហ័ស។ ទន្ទឹមនឹងការកើនឡើងនៃចំនួនការហៅទូរស័ព្ទចូលពីសាធារណជន ក្រុមការងារបានអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អជាមួយអង្គភាពពាក់ព័ន្ធដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព​។ 

លោករដ្ឋលេខាធិការលើកឡើងថា ក្រុមការងាររង់ចាំទទួលការហៅទូរសព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទានបេឡាជាតិសន្តិសុខសង្គម(ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។

ទន្ទឹមនឹងនេះ  លោក កត្តា អ៊ន ក៏បានអំពាវនាវដល់សាធារណជន ក្នុងករណីមានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការទាក់ទងមកកាន់ក្រុមការងារ ដែលនេះ​ជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវាសាធារណៈ។ លើសពីនេះទៀត ឯកឧត្តម ក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត៕

ដោយ៖ សូរិយា


ចែករំលែក៖