ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការងារ ច្រានចោលមតិដែលលើកឡើងថា មានការរិតត្បិត បំភិតបំភ័យនិងធ្វើទុក្ខបុកម្នេញសហជីព

ចែករំលែក៖

ភ្នំពេញ ៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅកម្ពុជា មានលំហសេរីភាពសហជីពទូលំទូលាយ ដែលសហជីព សកម្មជនសហជីព បានប្រើប្រាស់សិទ្ធិ និងសេរីភាពខ្លួនដោយសេរី។ តាមរយៈនេះហើយទើបមានការបង្កើតសហជីព និងអង្គការវិជ្ជាជីវៈជាង៦០០០ ហើយបើសិនជាមានការរិតត្បិត បំភិតបំភ័យ ធ្វើទុក្ខបុកម្នេញសហជីពមែននោះ ក៏មិនមានសហជីពដ៏ច្រើនបែបនេះដែរ។

លោក កត្តា អ៊ន បានលើកឡើងថា សហជីពត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយគោរពលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកក្នុងក្រសួងការងារ ទីដែលខ្លួនចុះបញ្ជិកា និងគោរពច្បាប់ការងារ ច្បាប់សហជីព ច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងអនុសញ្ញាអន្តរជាតិស្តីពីការងារនៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលកម្ពុជាជារដ្ឋភាគី។ លើសពីនេះ សហជីពត្រូវបម្រើផលប្រយោជន៍ពិតប្រាកដរបស់កម្មករនិយោជិត ចូលរួមចំណែកធ្វើឱ្យមានសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ លក្ខខណ្ឌការងារសមរម្យ បង្កើនផលិតភាពនិងជំនាញដល់កម្មករនិយោជិត និងមិនធ្វើសកម្មភាពនយោបាយ ឬបម្រើនិន្នាការនយោបាយណាមួយ។

លោក កត្តា អ៊ន បានបញ្ជាក់ទៀតថា ក្រសួងការងារ បានអនុវត្តខ្ជាប់ខ្ជួន និងទៀងទាត់ការធ្វើអធិការកិច្ចប្រចាំឆ្នាំតាមគ្រឹះស្ថាន សហគ្រាស និងអធិការកិច្ចតាមបណ្តឹង ដើម្បីពង្រឹងការអនុវត្តច្បាប់ ធានាសិទ្ធិ និងផលប្រយោជន៍គ្រប់ភាគី។ ទន្ទឹមនឹងនេះ ក្រសួងការងារ បានអនុវត្តយន្តការដោះស្រាយវិវាទការងារតាមច្បាប់ដោយមិនទុកករណីណាមួយចោលឡើយ ដើម្បីធានាបាននូវសុខដុមរមនាក្នុងគ្រឹះស្ថានសហគ្រាស ប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។

លោក កត្តា អ៊ន បានគូសបញ្ជាក់ថា ក្រសួងការងារ បើកទ្វាចំហទទួលស្វាគមន៍ដោះស្រាយករណីណាមួយកើតឡើង និងលើកឡើងដោយសហជីព។ បើសហជីពពិតជាមានចេតនាពិតប្រាកដក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនិងសហជីពមែន សូមលើកករណីដែលខ្លួនយល់ថាមិនត្រឹមត្រូវមកអង្គុយដោះស្រាយជាមួយក្រសួងការងារ ជាជាងលើកឡើងនៅក្រៅឆាក និងមានរបៀបវារៈផ្សេង៕

ដោយ ៖ សិលា


ចែករំលែក៖