ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលស្រុកកំពង់រោទិ៍ ចេញល្បាតនិងចុះណែនាំអប់រំដល់សិស្សដែលប្រមូលផ្តុំគ្នាមិនចូលរៀន ១៣ នាក់ មកអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីធ្វើការ អប់រំ។
យោងតាមលោក ហែមសាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ បានអោយដឹងថា ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៧ចំណុច។
ជាក់ស្ដែងនៅព្រឹក ថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៤នេះ លោក បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលញរ បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ក្បែរវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៏ ដែលនៅខាងក្រៅសាលា។
លោកបន្តថា ជាលទ្ធផល សមត្ថកិច្ចបាននាំសិស្សមិនព្រមចូលសាលារៀន ចំនួន ១៣ នាក់ មកអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ដើម្បីធ្វើការ អប់រំណែនាំ និងបានអញ្ជើញឪពុកម្ដាយ ឬអាណាព្យាបាល ឲមកធានាយកទៅធ្វើការអប់រំបន្ត មិនឲ្យគិចសាលាសារជាថ្មី បង្កធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាន។
លោកអធិការ បានធ្វើការណែនាំអប់រំនិងបានអំពាវនាវដល់អាណាព្យាបាលក៏ដូចជាឪពុកម្ដាយ សូមជួយពិនិត្យនិងតាមដានការសិក្សារៀនសូត្ររបស់កូនៗរបស់ខ្លួនផង ព្រោះបើនបណ្ដែតបណ្ដោយទៀតអាចធ្លាក់ក្នុងអំពើអបាយមុខ ដោយបង្កើតជាក្រុមបងតូចបងធំនិងឈានដល់ការប្រើប្រាស់គ្រឿងញៀនខូចអនាគតជាក់ជាពុំខានឡើយ។