ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹង ស្តីពី ការរៀបចំកែ សម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងគ្រប់ស្ថាប័នរដ្ឋ-ឯកជនទាំងអស់ឱ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានសង្កេតឃើញពីស្ថានភាពចរាចរ នៅចំណុចរង្វង់មូលគួចកាណុង មានការកកស្ទះជារៀងរាល់ថ្ងៃ ជាពិ សេសម៉ោងមមាញឹក (ចន្លោះពីម៉ោង ៧:០០ នាទីព្រឹក ដល់ម៉ោង ៨:៣០នាទីព្រឹក និងពីម៉ោង ១៦:៣០នាទីរសៀល ដល់ម៉ោង ១៩:០០នាទីយប់) ដែលជា ហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ។ ដូច្នេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង ដូចខាងក្រោម៖ ១-ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស ២-ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលកូចកាណុង ដល់ផ្លូវលេខ៨០ ៣-រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០ ៤-រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។ គម្រោងខាងលើនេះនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទទួលបានសេចក្តីជូនដំណឹងនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពាក់ព័ន្ធ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរត្រង់ចំណុចភូមិសាស្ត្រខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងប្រកប ដោយប្រសិទ្ធភាពខ្ពស់ ៕

ដោយ: សំរិត


ចែករំលែក៖