ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីបើកសន្និសីទវិទ្យាសាស្ត្រលើកទី១៣ ស្តីពី “ជំរុញនវានុវត្តន៍៖ មូលធនមនុស្ស ការស្រាវជ្រាវ និងទំនាក់ទំនងជាមួយឧស្សាហកម្ម”(Catalyzing Innovation: Human Capital, Research, and Industry Linkages) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំកម្ពុជា សហភាពអឺរ៉ុប ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង តំណាងមកពីអង្គភាពពាក់ព័ន្ធ សាស្ត្រាចារ្យជាតិ និងអន្តរជាតិ និង សិស្ស និស្សិត សរុបទាំងអស់ប្រមាណ ២០០០នាក់។
ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការកសាងមូលធនមនុស្សតាមរយៈការពង្រឹងសមត្ថភាពស្រាវជ្រាវរបស់សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម ដើម្បីឆ្លើយតបទៅនឹងយុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងកំណែទម្រង់ឧត្ដមសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេសមុំទី១៖ ការអភិវឌ្ឍធនធានមនុស្ស និងមុំទី៥៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ដោយផ្តោតលើ៖ (១) ការបង្កើតមជ្ឈមណ្ឌលឧត្ដមភាព (២) ការពង្រឹងអភិបាលកិច្ច និងសមត្ថភាពស្ថាប័ន (៣) ទំនើបកម្មកម្មវិធីសិក្សា និងការលើកកម្ពស់ប្រសិទ្ធភាពនៃការបង្រៀន និងរៀន (៤) ការពង្រឹងការសិក្សាស្របតាមលក្ខណៈអន្តរជាតិ (៥) ការពង្រឹងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវក្នុងការអប់រំឧត្ដមសិក្សា និង(៦) បង្កើនចំនួនសិស្សចូលរៀន និងបរិស្ថាន។
សន្និសីទវិទ្យាសាស្ត្រនេះជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ រវាងគ្រឹះស្ថានបណ្ដុះបណ្ដាលក្នុងប្រទេស និងក្រៅប្រទេស និងវិស័យឯកជននានា និងដើម្បីបង្កើនភាពជាដៃគូក្នុងការបណ្ដុះបណ្ដាល និងស្រាវជ្រាវរួមគ្នា។
នៅក្នុងព្រឹត្តិការណ៍នេះក៏មានការដាក់តាំងនៅស្តង់ពិព័រណ៍ជាង៥០ ដើម្បីបង្ហាញពីផលិតផលសម្រេច ផលិតផលគំរូ និងអត្ថបទស្រាវជ្រាវ ដែលបានផលិតឡើងដោយសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ហើយក៏មានបទបង្ហាញចំនួន៩០ ដោយផ្ដោតលើជំនាញ៖ បច្ចេក វិទ្យា និងគ្រប់គ្រងថាមពល បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ អេឡិចត្រូនិក និងព័ត៌មានវិទ្យា វិទ្យាសាស្ត្ររូបធាតុ និងគ្រឿងបង្គំ និងទឹក និងបរិស្ថាន។ បន្ថែមពីនេះទៀតក៏មានការបើកឱកាសឱ្យសិស្សវិទ្យាល័យនានាបានចូលទស្សនាស្តង់ពិព័រណ៍ និងមន្ទីរពិសោធន៍នានារបស់វិទ្យាស្ថានដើម្បីស្វែងយល់បន្ថែមទៀតអំពីការបណ្ដុះបណ្ដាលលើជំនាញSTEM និងដើម្បីឱ្យប្អូនៗសិស្សានុសិស្សត្រៀមខ្លួនក្នុងចាប់យកជំនាញនៅថ្នាក់ឧត្ដមសិក្សាផងដែរ។
នៅក្នុងឱកាសនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានបច្ចេក វិទ្យាកម្ពុជា ដែលបានបំពេញបេសកកម្មឆ្លើយតបជា មួយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹងការស្រាវជ្រាវ និងបណ្តុះបណ្តាល រួមទាំងការ បង្កើតកម្មវិធីសិក្សាថ្មីៗឆ្លើយតបជំនាញឌីជីថលដូចជា វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មកម្មវិធីកុំព្យូទ័រ (Software engineering) បញ្ញាសប្បនិម្មិត (AI) និងសុវត្ថិភាព សាយប័រ។ លើសពីនេះទៀតបណ្ឌិតឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីតួនាទីសំខាន់ៗនៃធនធានមនុស្ស ក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅមុខបន្ថែមទៀត ដែលស្រប តាម កំណែទម្រង់របស់ក្រសួងអប់រំយុវជន និងកីឡា លើការអប់រំ STEM ដែលឆ្លុះ បញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការ ពង្រឹងគុណភាពអប់រំនៅកម្ពុជា ឆ្លើយតបនឹងតម្រូវការនៃយុគសម័យទំនើប។
សារជាថ្មីម្តងទៀត តាងនាមក្រសួង អប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែង អំណរគុណចំពោះវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ដែលបានរៀបចំសន្និសីទវិទ្យាសាស្ត្រលើកទី១៣ នេះឡើង ដែលបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជា ពិសេសជំរុញការអប់រំ STEM ការចែករំលែកនូវបទ ពិសោធន៍ ចំណេះដឹង ការសិក្សាស្រាវជ្រាវ និង មតិ យោបល់ ដ៏មានតម្លៃក្នុងគោលដៅ ជំរុញការបង្កើតនូវអ្វីដែលថ្មី ឆ្ពោះទៅអភិវឌ្ឍន៍ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវនៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងជាចីរភាព៕