ខេត្តកណ្ដាល៖ មនុស្សម្នាក់រងរបួសធ្ងន់ និង២នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៨និង០០នាទី នៅលើផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ម៉ូតូបង្កម៉ាកHONDA ZOOMER -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GP-0526 បើកបរដោយឈ្មោះ ហ៊ លីណា ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ បុល លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅជាមួយគ្នា (ត្រូវជាកូនបង្កើតរបួសស្រាល) ។ ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AD-9016 បើកបរដោយឈ្មោះ ជីម ប៊ុនឡេង ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល របួសស្រាល។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាកHONDA ZOOMER -X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GP-0526 បើកបរដោយឈ្មោះ ហ៊ លីណា ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះ បុល លីហ្សា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅជាមួយអ្នកបើកបរ (ត្រូវជាកូនបង្កើត) មិនពាក់មួកសុវត្ថិភាពទាំងពីរនាក់ បើកបរក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) ។ ពេលបើកបរមកដល់ចំណុចកើតហេតុ ក៏បានបើកឆ្លងផ្លូវ ក្នុងទិសដៅពីលិចទៅកើត ពេលនោះស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1AD-9016 បើកបរដោយឈ្មោះ ជីម ប៊ុនឡេង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ពាក់មួកសុវត្ថិភាព) ដែលបើកក្នុងទិសដៅពីជើងទៅត្បូង (តាខ្មៅ-កោះធំ) បានបុកជាមួយម៉ូតូHONDA ZOOMER -X ខាងលើ ។ ករណីនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូHONDA ZOOMER -X រងរបួសធ្ងន់ និងអ្នករួមដំណើររងរបួសស្រាល ចំណែកអ្នកបើកបរម៉ូតូHONDA DREAM រងបួសស្រាល ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។ ចំណែកអ្នករបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ។
ការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូ HONDA ZOOMER -X បើកបរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន មានការធ្វេសប្រហែស ទើបបណ្ដាលឱ្យគ្រោះថ្នាក់កើតឡើង៕
ដោយ៖ ស្អាងជ័យ