ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០ ក្រោមមូលបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត»

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលការណ៍សំខាន់ពីរដែលអាចជួយតម្រង់ទិសនៅក្នុង ការឆ្លងកាត់បញ្ហាប្រឈមក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត គឺ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន «យកប្រជាជនជាស្នួល» និងសារសំខាន់នៃ គោលការណ៍ “ពហុភាគីនិយម” ។ 

នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្រោមប្រធានបទ «ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត៖ ដំណើរទៅអនាគត» ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅក្នុងឆ្នាំ ២០២៤ ។

មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធម សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខណៈដែល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន ជាការចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និងត្រួតពិនិត្យ ឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាកំពុងលេចឡើងថ្មីៗ ដែលអាចមានឥទ្ធិពលក្នុងការកែប្រែ ពិភពលោក ។ យើងត្រូវតម្រង់ទិសវឌ្ឍនភាព នៃបច្ចេកវិទ្យា ដើម្បីឱ្យបច្ចេកវិទ្យា អាចបម្រើ និងគាំទ្រដល់ បរិយាបន្នភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ ។ សម្តេចធិបតី បានគូសរំលេចបន្ថែមអំពី គោលការណ៍សំខាន់ពីរ ដែលអាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្តែងឡើងតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម; និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក មានជាអាទិ៍៖

ទី១. ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយលើមូលដ្ឋាន «យកប្រជាជនជាស្នូល» ក្នុងន័យនេះ ទន្ទឹមទៅនឹងការទាញប្រយោជន៍ពីវឌ្ឍនភាពនៃបច្ចេកវិទ្យា យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និងអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើដល់មនុស្សជាតិ ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI’s Sora ដែលជាម៉ូឌែលដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ, ឬ កម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល នៃកម្មវិធីមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់ ។ ទាំងអស់នេះ គឺសុទ្ធតែជាកម្មវិធី ដែលមានសក្តានុពលយ៉ាងធំធេង ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន នៅក្នុង ការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ ព្រោះថាការចាប់យក និងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម តួយ៉ាងដូចជា ការភ័យខ្លាច និងការព្រួយបារម្ភរបស់សាធារណជនទូទៅអំពី សិទ្ធិ និងឯកជនភាពរបស់ពួកគេដែលអាចនឹងត្រូវបាន រំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើមនៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ។ ប្រសិន បើគ្មានការអប់រំ និងជំនាញ ជាមូលដ្ឋាន និងការចូលរួមជាបន្តបន្ទាប់ ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ទូទៅ នៅក្នុងការបែងចែករវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត ឬការបែងចែករវាង រូបភាពសិប្បនិម្មិតជាមួយនឹងរូបភាពដើម ។ ពេលខ្លះ ការវិវត្តបែបនេះបែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល ព្រោះការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម ភាពច្របូកច្របល់ និងអស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក ។ សាធារណជន ក៏បានសម្តែងនូវក្តីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត និង បញ្ហាប្រឈមផ្សេងៗ ទៀតផងដែរ ។ ក្នុងន័យនេះ ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់ បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញ ការផ្លាស់ប្តូរឥរិយាបថរបស់អ្នករៀបចំ គោលនយោបាយ អ្នកស្រាវជ្រាវ និងស្ថាប័នឯកជន ព្រមទាំងមានការអភិវឌ្ឍក្របខណ្ឌបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមវិភាគទាន ពីគ្រប់ភាគីពាក់ព័ន្ធ ផងដែរ ។ ទី២. អំពីសារៈសំខាន់នៃគោលការណ៍ «ពហុភាគីនិយម» ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយនៅ ក្នុងការចាប់យកបច្ចេកវិទ្យាដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះ បម្រើឱ្យមនុស្សជាតិ មិនមែនឱ្យមនុស្សជាតិត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ ។ ពហុភាគីនិយមមានសារ:សំខាន់នៅក្នុងការបង្កើន ប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរការប្រើប្រាស់ធនធានរួមគ្នា និងការបង្កើតភាពសុខដុម តាមរយៈការរៀបចំក្របខណ្ឌ និងវេទិការួម និងការរៀបចំរបៀបវារៈសម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរួមគ្នា ។ ជាការពិត, ប្រទេសទាំងឡាយ ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែយើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហសម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែង ដោយភាពថ្លឹងថ្លែងរបស់យើង ។ «ការកាត់ផ្តាច់» (decoupling) និង «ការបែងចែក» (fragmentation) មិនគួរក្លាយជាវិធានដែលយើងប្រកាន់យកនោះទេ ព្រោះថា បើយើងប្រកាន់យកអភិក្រមបែបនេះ យើងនឹង ត្រូវប្រឈមនឹងហានិភ័យនៃការបាត់បង់ធនធានដែលមានកម្រិតរបស់យើង ដោយត្រូវផ្តោតទៅលើការព្យាយាម រត់តាមទម្រង់ និងស្តង់ដារផ្សេងៗគ្នា សម្រាប់ប្រភេទនៃបច្ចេកវិទ្យាតែមួយ ។ ក្នុងន័យនេះ អាស៊ានដែលមាន ប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតនៃបច្ចេកវិទ្យាថ្មីៗ តួយ៉ាងដូចជា ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍របស់អាស៊ាន ពឹងផ្អែកយ៉ាងខ្លាំង ទៅលើគោលការណ៍ពហុភាគី ដែលឈរលើ មូលដ្ឋាននៃស្ថិរភាព, សន្តិភាព, សមធម៌, និរន្តរភាព និង បរិយាបន្នភាព ។

ជាចុងក្រោយ ជាមួយការកោតសរសើរនូវវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុងផែនការសកម្មភាព អាស៊ាន ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦-២០២៥) សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់ការរៀបចំផែនការសកម្មភាព វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន ឆ្នាំ២០២៦-២០៣៥ (APASTI ២០២៦-២០៣៥) ឱ្យយកចិត្តទុកដាក់ បន្ថែមទៀត ចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និងការផ្ទេរបច្ចេកវិទ្យា ប្រកបដោយ សមធម៌ ការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ តាមរយៈការផ្ទេរបច្ចេកវិទ្យា និងចល័តភាពរបស់ពួកគេនៅក្នុងការពង្រឹងកិច្ចសហការរវាងតួអង្គពាក់ព័ន្ធនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងតំបន់ ព្រមទាំងយកចិត្តទុកដាក់លើការវិនិយោគបន្ថែមទៀត នៅក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍ ដើម្បីជំរុញនវានុវត្តន៍បន្ថែមទៀត ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖