ព័ត៌មានទាន់ហេតុការណ៍៖

អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អធិការនគរបាលស្រុកស្វាយជ្រំ បញ្ជាអោយកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មកធ្វើការអប់រំ។

នគរបាលស្រុកស្វាយជ្រំបានអោយដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៩និង១៥នាទីព្រឹក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានបញ្ជាអោយកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដូនស ធ្វើលិខិតកោះហៅក្មេងទំនើង០១នាក់ មានទីលំនៅភូមិដូនទង ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះNex ពាក់ព័ន្ធ និងករណីក្មេងទំនើងជិះម៉ូតូបង្ហោះតាមដងផ្លូវ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចក្មេងទំនើង បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥:២០នាទី ពេលខ្លួនជិះម៉ូតូម៉ាកសង់ការ៉េពណ៌ក្រហមចេញពីផ្ទះទៅដើរលេងជាមួយមិត្តភ័ក្ត្រ មានទីលំនៅភូមិស្នាយគ្រាង ឃុំធ្លក ស្រុកស្វាយជ្រំ រហូតដល់ចំណុចលើផ្លូវលំស្ថិតនៅភូមិអូស្រងាំ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខ្លួនបានជិះម៉ូតូខ្លួនម៉ាកសង់ការ៉េបង្ហោះលើផ្លូវ ពេលនោះមិត្តភក្រ្ត ជាអ្នកជិះម៉ូតូតាមថតរូបភាព ពេលថតរូបភាពបានហើយក៏បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ពេលបានស្តាប់ការបំភ្លឺពីក្មេងទំនើងរួចហើយ ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានអនុញ្ញាត្តអោយសមត្ថកិច្ចធ្វើការអប់រំដល់ក្មេងទំនើង និងអោយអាណាព្យាបាលមកធ្វើលិខិតធានាយកទៅផ្ទះវិញអប់រំបន្តកុំអោយធ្វើអ្វីខុសនិងផ្លូវច្បាប់ទៀត។

ចំពោះម៉ូតូដករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បណ្តោះអាសន្នរយៈពេល០៣ខែផងដែរ៕

ដោយ៖សុថាន


ចែករំលែក៖