អន្ដរជាតិ៖ ការផ្ទុះដ៏ធំមួយបានឆាបឆេះរោងចក្រកាំជ្រួច Ta’Lourdes នៅលើផ្លូវ Triq tal Qaghdi ក្រុង Maghtab ប្រទេសម៉ាល់តា នៅម៉ោងប្រហែល 6:30 ព្រឹក ថ្ងៃទី 1 ខែមិថុនា(ម៉ោងក្នុងតំបន់)។
រលកឆក់ពីការផ្ទុះបានធ្វើដំណើរចម្ងាយរាប់គីឡូម៉ែត្រ ធ្វើឱ្យអគារញ័រ និងបែកបង្អួចនៅតំបន់ជាច្រើន។ គ្មានកម្មករណាម្នាក់មានវត្តមាននៅរោងចក្រនោះទេ នៅពេលដែលការផ្ទុះបានកើតឡើង។ បុរសពីរនាក់នៅក្នុងវាលស្រែក្បែរនោះបានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
អ្នកស្រុកម្នាក់ដែលដើរលេងជាមួយឆ្កែរបស់គាត់បានរៀបរាប់ពីពេលវេលាដ៏គួរឱ្យភ័យខ្លាចនេះ។ «ខ្ញុំនៅ Kennedy Grove ជាមួយឆ្កែរបស់ខ្ញុំ នៅពេលដែលខ្ញុំឮសំឡេងផ្ទុះលើកដំបូង។ ដំបូងឡើយ ខ្ញុំគិតថាវាជាធុងហ្គាសផ្ទុះ។ ប្រហែលប្រាំនាទីក្រោយមក ការផ្ទុះបីបន្ថែមទៀតបានកើតឡើងជាបន្តបន្ទាប់»។
“ការផ្ទុះជាបន្តបន្ទាប់គឺខ្លាំងខ្លាំងណាស់ ដែលខ្ញុំមានអារម្មណ៍ថាសក់របស់ខ្ញុំត្រូវបានផ្លុំឡើងដោយរលកឆក់ ដើមឈើនៅជុំវិញខ្ញុំញ័រ កញ្ចក់បែកខ្ទេចខ្ទី ហើយផ្នែកខាងមុខផ្ទះមួយត្រូវបានផ្លុំចេញ។ ឆ្កែរបស់ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំមិនដែលភ័យខ្លាចបែបនេះទេ។ នៅពេលនោះ ខ្ញុំពិតជាគិតថាយើងកំពុងត្រូវបានទម្លាក់គ្រាប់បែក” អ្នកនោះបានបន្តថា។
នាយករដ្ឋមន្ត្រី Robert Abela បាននិយាយថា អាជ្ញាធរកំពុងផ្តល់ជំនួយយ៉ាងសកម្ម។ កងកម្លាំងសន្តិសុខបានបើកការស៊ើបអង្កេតលើមូលហេតុនៃការផ្ទុះ និងបានជំរុញឱ្យប្រជាជននៅឱ្យឆ្ងាយពីកន្លែងកើតហេតុ។ មេដឹកនាំគណបក្សប្រឆាំង Alex Borg បានពិពណ៌នាវាថាជាការផ្ទុះដែល “បានរញ្ជួយប្រទេសទាំងមូល”។
សភាអឺរ៉ុបបានសម្តែងការព្រួយបារម្ភ។ ប្រធានាធិបតី Roberta Metsola ដែលជាពលរដ្ឋម៉ាល់តា បាននិយាយថា លោកស្រីមានការភ្ញាក់ផ្អើលចំពោះការផ្ទុះដ៏សាហាវនេះ ហើយបានផ្ញើការសួរសុខទុក្ខទៅកាន់ប្រជាជននៅតំបន់ជុំវិញ។
ម៉ាល់តា គឺជាប្រទេសកោះតូចមួយនៅមេឌីទែរ៉ាណេ ដែលមានទីតាំងស្ថិតនៅចន្លោះប្រទេសអ៊ីតាលី និងអាហ្វ្រិកខាងជើង ដែលមានប្រជាជនប្រហែលកន្លះលាននាក់ នៅលើផ្ទៃដីត្រឹមតែ 316 គីឡូម៉ែត្រការ៉េប៉ុណ្ណោះ។ ប្រទេសម៉ាល់តាបានក្លាយជាសមាជិកនៃសហភាពអឺរ៉ុបតាំងពីឆ្នាំ ២០០៤ ហើយបានចាប់ផ្តើមប្រើប្រាស់ប្រាក់អឺរ៉ូក្នុងឆ្នាំ ២០០៨៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច