ព័ត៌មានទាន់ហេតុការណ៍៖

របាំងពាណិជ្ជកម្មដោយសហរដ្ឋអាមេរិក ធ្វើឲ្យក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យចិននៅរោងចក្រក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវផ្អាក

ចែករំលែក៖

សារព័ត៌មាន Bloomberg បានផ្សាយថា ក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យរបស់ចិនកំពុងផ្អាកផលិតកម្មនៅរោងចក្រដែលស្ថិតនៅអាស៊ីអាគ្នេយ៍ ខណៈពេលដែលការបង្កើនរបាំងពាណិជ្ជកម្មដោយសហរដ្ឋអាមេរិកបង្កើតភាពមិនច្បាស់លាស់សម្រាប់ការនាំចេញពីតំបន់នេះ។ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Longi Green Energy Technology Co បានចាប់ផ្តើមកាត់បន្ថយសកម្មភាពបន្តិចម្តងៗនៅរោងចក្រមួយក្នុងប្រទេសម៉ាឡេស៊ីនៅសប្តាហ៍នេះ បន្ទាប់ពីបានបញ្ឈប់ខ្សែច្រវាក់ផលិតកម្មទាំងប្រាំនៅឯរោងចក្រក្នុងប្រទេសវៀតណាមកាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Arfcg.com កាលពីថ្ងៃអង្គារដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ។
យោងតាមកាសែត Sina Finance វិញ កាសែតនេះបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពមិនបង្ហាញអត្តសញ្ញាណថា ក្រុមហ៊ុន Trina Solar Co បានផ្អាកការផលិតនៅរោងចក្រក្នុងប្រទេសថៃ។
អ្នកនាំពាក្យក្រុមហ៊ុន Longi បាននិយាយថា ក្រុមហ៊ុនរបស់លោកបានធ្វើការកែសម្រួលផែនការផលិតកម្មរបស់ខ្លួននៅរោងចក្រមួយចំនួន ដើម្បីទប់ស្កាត់ការធ្លាក់ចុះថ្លៃ និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មចាប់តាំងពីដើមឆ្នាំនេះមក។ ក្រុមហ៊ុន Trina មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំអត្ថាធិប្បាយតាមអុីមែលរបស់ Bloomberg ទេ។
ក្រុមហ៊ុនផលិតផ្ទាំងថាមពលពន្លឺព្រះអាទិត្យរបស់ចិនកំពុងព្យាយាមស្វែងរកភាពជោគជ័យបើទោះបីជាប្រាក់ចំណេញធ្លាក់ចុះក្ដីក្នុងគ្រាដែលមានរោងចក្រថ្មីមួយចំនួនបានបើកដំណើរការក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ ជំនួសឱ្យការចាប់យកទីផ្សារដែលកំពុងកើនឡើង ការផ្គត់ផ្គង់ថ្មីមានច្រើនលើសលប់ជាងតម្រូវការដែលជំរុញឱ្យមន្ត្រីអាមេរិកនិងអឺរ៉ុបត្អូញត្អែរថា ប្រទេសចិនកំពុងរារាំងកិច្ចប្រឹងប្រែងរបស់ពួកគេក្នុងការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់ផ្ទាល់របស់ពួកគេ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន កាលពីខែមុនបានចេញច្បាប់ជាបន្តបន្ទាប់ ដែលដំឡើងពន្ធលើការនាំចូលឧបករណ៍ផ្ទាំងថាមពលពន្លឺព្រះអាទិត្យ។ វិធានការបន្ធូរបន្ថយពន្ធរយៈពេលពីរឆ្នាំសម្រាប់ការនាំចូលផ្ទាំងថាមពលពន្លឺព្រះអាទិត្យមួយចំនួនពីប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី និងវៀតណាមនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយសហរដ្ឋអាមេរិកក៏គ្រោងនឹងបញ្ចប់ការលើកលែងពន្ធលើម៉ូឌុលផ្ទាំងថាមពលពន្លឺព្រះអាទិត្យដែលមានផ្ទៃមុខសងខាងផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ដោយ៖ ធីរីណា

រូប​ថត​៖ DTCK


ចែករំលែក៖