ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់បើកម៉ូតូលឿនជ្រុលទៅបុករថយន្តបណ្តាលឱ្យនារីម្នាក់ស្លាប់និង២នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ យុវជននិងយុវតី៣នាក់ជិះម៉ូតូមួយគ្រឿងយ៉ាងលឿនក្នុងគោលបំណងទៅដេីរលេងនៅកោះពេជ្រ បានជ្រុលទៅបុករថយន្តមួយគ្រឿងយ៉ាងពេញទំហឹង បណ្តាលឱ្យយុវតីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ ចំណែក២នាក់ទៀតរងរបួសធ្ងន់ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅម៉ោង ០១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    សមត្ថកិច្ចបានឱ្យដឹងថា យុវតីដែលស្លាប់មានឈ្មោះ ស្រី នា អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ នៅខេត្តព្រះសីហនុ មានស្រុកកំណេីតនៅក្រុងដូនកែវ ខេត្តតាកែវ។

    ប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញយុវជន យុវតី៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក Scoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KT-6737 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជេីងមកត្បូង ស្រាប់តែមកដល់ចំណុចកន្លែងកេីតហេតុ ដោយសារបើកលឿនផងនោះ ក៏ជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាក TOYOTA Corolla Cross ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ កណ្តាល 2D-7008 ដែលកំពុងបេីកបត់ឆ្លងផ្លូវ បណ្តាលឱ្យយុវតីម្នាក់ស្លាប់និង២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះនៃមន្ទីរពេទ្យកាល់ម៉ែតបញ្ចូនទៅសង្រ្គោះភ្លាមៗ។

    បន្ទាប់ពីកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំម្ចាស់រថយន្តមកសាកសួរនៅប៉ុស្ព៍ ។ ចំណែកឯម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើវាស់វែងយកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ រីឯសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណេីត៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖