យន្តហោះ Air Canada មួយបានឆេះនៅពេលដឹកមនុស្ស 400 នាក់ហោះចេញពីព្រលានយន្តហោះ Pearson ។ រូបភាពនៃឧបទ្ទវហេតុត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្ដាញសង្គម។គេដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅលើយន្តហោះរបស់ក្រុមហ៊ុន Air Canada ជើងហោះហើរ លេខ AC872 ដែលបានហោះឡើងនៅម៉ោងប្រហែល 9:00 យប់ ជាមួយនឹងអ្នកដំណើរ 389 នាក់ និងសមាជិកនាវិក 13 នាក់ ដោយចេញដំណើរពីទីក្រុង Toronto (កាណាដា) ទៅកាន់ទីក្រុងប៉ារីស (ប្រទេសបារាំង) កាលពីយប់ថ្ងៃទី 5 ខែមិថុនា (ពេលវេលានៅកាណាដា)។
ភ្លាមៗបន្ទាប់ពីយន្តហោះបានហោះឡើង ស្រាប់តែមានឧបទ្ទវហេតុមួយបានកើតឡើងនៅក្នុងម៉ាស៊ីន បណ្តាលឲ្យមានភ្លើងឆាបឆេះតែម្តង។ ភ្លាមៗនោះ យន្តហោះត្រូវបត់ត្រឡប់ក្រោយ ហើយធ្វើការចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Toronto Pearson។
សេចក្តីថ្លែងការណ៍មួយពីក្រុមហ៊ុន Air Canada ពន្យល់ថា “វីដេអូដែលបានបង្ហោះលើអ៊ីនធឺណិតនៃឧប្បត្តិហេតុនេះបង្ហាញពីម៉ាស៊ីននៅចំណុចតូបម៉ាស៊ីនបង្ហាប់ ដែលអាចកើតឡើងចំពោះម៉ាស៊ីនទួរប៊ីន នៅពេលដែលឌីណាមិកខ្យល់របស់វារងផលប៉ះពាល់។ នេះអាចបណ្តាលមកពីកត្តាផ្សេងៗគ្នាជាច្រើន ប៉ុន្តែលទ្ធផលគឺលំហូរខ្យល់តាមម៉ាស៊ីនត្រូវបានរំខាន បណ្តាលឲ្យប្រេងឥន្ធនៈឆេះកាន់តែជ្រៅក្នុងម៉ាស៊ីន ដែលជាហេតុធ្វើឲ្យមានអណ្តាតភ្លើងនៅក្នុងម៉ាស៊ីន មិនមែនដោយសារម៉ាស៊ីនឆេះទេ»។
ក្រោយពេលកើតហេតុ អ្នកដំណើរត្រូវបានបញ្ជូនទៅកាន់យន្តហោះផ្សេងទៀត ដើម្បីបន្តធ្វើដំណើរនៅពេលល្ងាច ។
ក្រុមហ៊ុន Air Canada បាននិយាយថា ខ្លួនបានបញ្ឈប់យន្តហោះ Boeing 777 ដើម្បីស៊ើបអង្កេតបន្ថែមអំពីមូលហេតុនៃឧបទ្ទវហេតុនេះ។
គេហទំព័រព័ត៌មានក្នុងស្រុកបាននិយាយថា នេះគឺជាការបរាជ័យម៉ាស៊ីនទីពីររបស់ក្រុមហ៊ុន Air Canada នៅព្រលានយន្តហោះ Toronto ដោយបង្ខំឱ្យយន្តហោះវិលជុំវិញ និងធ្វើការចុះចតជាបន្ទាន់។ ពីមុននៅថ្ងៃទី 27 ឧសភា ជើងហោះហើរ Toronto ទៅ Delhi (ឥណ្ឌា) ក៏ត្រូវត្រលប់មកវិញដែរ ដោយសារបញ្ហាម៉ាស៊ីន៕

ដោយ៖ ធីរីណា(រូបថត៖ Tienphong)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច