ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការលើក្មេងទំនើងចំនួន១០នាក់ដែលដើរកាប់ចាក់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ចែករំលែក៖

ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង០៥នាក់និងបក្ខពួកពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (បង្កឡើងដោយក្រុមក្មេងទំនើងប្រើកាំបិតផ្គាក់, កាំបិតប៉័ងតោ និងខ្សែក្រវាត់ កាប់វាយបំផ្លិចបំផ្លាញម៉ូតូ) ប្រព្រឹត្តនៅ ចំណុចទល់មុខការាសសាំងតូតាល់ មុខផ្ទះលេខ៤៤៦ ផ្លូវលេខ៣១០ កែងផ្លូវលេខ១៤៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ ។

    សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងឈ្មោះ មាត់ទឹក (ធីមM.T) មានគ្នាចំនួន ១០ នាក់ ប្រដាប់ដោយកាំបិតផ្គាក់ចំនួន០២ដើម កាំបិតប៉័ងតោចំនួន០២ដើម និងខ្សែក្រវាត់ បានធ្វើសកម្មភាពដេញកាប់ទៅលើក្រុមក្មេងទំនើងមួយក្រុមទៀតឈ្មោះក្រុម៣១០ មានគ្នាចំនួន០៥នាក់ នៅចំណុចទល់មុខការាសសាំងតូតាល់ មុខផ្ទះលេខ៤៤៦ ផ្លូវលេខ៣១០ កែងផ្លូវលេខ១៤៣ ភូមិ៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៧ និង ៣០នាទី ហើយក្រុមក្មេងទំនើងខាងលើក៏បានកាប់បំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាត រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។ រហូតមកដល់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ ១.ឈ្មោះ ទូ សុភ័ក្ត្រា ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ អ៊ូ វិសាល ហៅ សាលតូច ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ កែវ រ៉ាយុទ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ៤.ឈ្មោះ មុំ វិសាល ហៅ សាលធំ ភេទប្រុស អាយុ១៨ឆ្នាំ និង៥.ឈ្មោះ សួស គង់វឌ្ឍនៈ ភេទប្រុស អាយុ១៦ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីលើនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។

បច្ចុប្បន្នក្រុមជនត្រូវចោទជាក្មេងទំនើងទាំងនេះត្រូវវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖