ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ មានគេហទំព័រហ្វេសប៊ុកផេកឈ្មោះ BDN TV Online” បានធ្វើការផ្សព្វផ្សាយថា “តើពលរដ្ឋ ត្រូវស្វែងរកយុត្តិធម៌ដោយរបៀបណា? បើឪពុក-ម្តាយគាត់ជាប់ឃុំជាង ១ឆ្នាំមកហើយ ខណៈដែលសាលាឧទ្ធរណ៍ មិនប្រគល់សាលដីការ ប្តឹងសុំអន្តរាគមន៍មកក្រសួងយុត្តិធម៌តែគ្មានលទ្ធផល”។
អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង សូមបំភ្លឺសាធារណជនមេត្តាជ្រាបថា ចំពោះសំណុំរឿងដែលពាក់ព័ន្ធ ករណីខាងលើ ដែលមានឈ្មោះ ចេន ប៉ក់ និងឈ្មោះ អ៊ុក សាវឿន ជាប់ចោទពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថាន ទម្ងន់ទោស និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចនវត្ថុដោយសុចរិត និងបានប្តឹងឧទ្ធរណ៍មក ត្រូវក្រុមប្រឹក្សា ជំនុំជម្រះរបស់សាលាឧទ្ធរណ៍បាត់ដំបងទទួលចាត់ការតាមនីតិវិធីច្បាប់ ដោយបានធ្វើការជំនុំជម្រះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សាលដីកាលេខ ១១០ “ញ” ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចដូចខាងក្រោម៖
១-ទទួលបណ្ដឹងឧទ្ធរណ៍ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ របស់ឈ្មោះ ចេន ប៉ក់ និងឈ្មោះ អ៊ុក សាវឿន ទុកជាត្រឹមត្រូវតាមច្បាប់។
២-តម្កល់សាលក្រមព្រហ្មទណ្ឌលេខ ៣៧ ញ៤០៧ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ របស់សាលាដំបូង ខេត្តបន្ទាយមានជ័យ លើកលែងតែចំណុចទី១.ក និង ខ នៃសេចក្តីសម្រេចត្រង់ឃ្លាថា “ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ” ត្រូវកែប្រែទៅជា “ដាក់ពន្ធនាគារកំណត់រយៈពេល ២ឆ្នាំ ដដែល តែទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារកំណត់ រយៈពេល ១ឆ្នាំ ៦ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា វិញ។
៣-បន្តការឃុំខ្លួនជាបណ្តោះអាសន្នលើជនជាប់ចោទឈ្មោះ ចេន ប៉ក់ និងឈ្មោះ អ៊ុក សាវឿន តាមនីតិវិធីច្បាប់។ ៤-សាលដីកានេះប្រកាសជាសាធារណៈនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ចំពោះមុខជនជាប់ចោទ កំបាំងមុខ ដើមបណ្តឹងរដ្ឋប្បវេណី ប៉ុន្តែចាត់ទុកចំពោះមុខ ទុកសិទ្ធិឱ្យប្តឹងសាទុក្ខតាមកំណត់ច្បាប់។
សាលដីកានេះត្រូវបានប្រកាសសាធារណៈនៅចំពោះមុខជនជាប់ចោទទាំងពីរ ហើយជនជាប់ចោទក៏ពុំបាន ប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀតដែរ ដូចនេះសាលដីកានេះត្រូវចូលស្ថាពរ និងត្រូវបានចារស្ថាពររួចរាល់ ហើយដែរ។
សូមបញ្ជាក់បន្ថែមថា សម្រាប់ការបញ្ជូនសាលដីកា គឺយើងបញ្ជូនទៅតាមនីតិវិធីច្បាប់រួចរាល់ហើយ ដោយហេតុ តែជនជាប់ចោទទាំងពីរ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ការបញ្ជូនសាលដីកាត្រូវបញ្ជូនទៅពន្ធនាគារខេត្តបន្ទាយមានជ័យ តាមរយៈអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ចំពោះការផ្សព្វផ្សាយរបស់គេហទំព័រហ្វេសប៊ុកផេកឈ្មោះ BDN TV Online ដែលមានខ្លឹមសារ ដូចបញ្ជាក់ខាងលើនេះ គឺជាព័ត៌មានមិនពិត និងធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់នីតិវិធី ចំណាត់ការសំណុំរឿងរបស់ស្ថាប័នតុលាការ។ ដូចនេះ គណនីហ្វេសប៊ុកផេកឈ្មោះ BDN TV Online” ត្រូវបញ្ឈប់ ការផ្សព្វផ្សាយព័ត៌មានមិនពិតបន្តទៀត។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា