ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ គៀន សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជិះម៉ូតូកាន់ដាវនៅទីសាធារណៈ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ជនសង្ស័យឈ្មោះ វុត្ថា ស៊ីវុធថៃ ភេទប្រុស អាយុ១៧ឆ្នាំ និង ឈ្មោះ ជៀស លីន ភេទប្រុស អាយុ១៥ឆ្នាំ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ជិះម៉ូតូកាន់ដាវនៅទីសាធារណៈ) បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ។
សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ជនសង្ស័យមានគ្នាចំនួន០៣នាក់ បានជិះម៉ូតូ មួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ស្លាកលេខ ភ្នំពេញ 1KT-0939 ក្នុងល្បឿនលឿនមិនគោរពភ្លើង សញ្ញាចរាចរណ៍ ជ្រុលទៅបុកជាមួយបុរសម្នាក់ អាយុប្រហែល២៤ឆ្នាំ ដែលកំពុងជិះម៉ូតូមួយគ្រឿងម៉ាក ប៊ីត ពណ៌ខៀវ (មិនចាំស្លាកលេខ) បណ្តាលឱ្យដួលរលាត់ស្បែកចេញឈាមពេញដងខ្លួន ចំណែកក្រុមជនសង្ស័យក៏បានជ្រុះដាវកែច្នៃ ចំនួន០១ដើម នៅចំណុចស្តុបសួដេស ផ្លូវ៦០ម៉ែត្រ ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ២០ នាទីយប់ ភ្លាមនោះសមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលចាក់អង្រែក្រោមក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមាន ១.ឈ្មោះ គៀន សុបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ ២.ឈ្មោះ វុត្ថា ស៊ីវុធថៃ ភេទប្រុស អាយុ១៧ឆ្នាំ និង៣.ឈ្មោះ ជៀស លីន ភេទប្រុស អាយុ១៥ឆ្នាំ ។
ចំពោះវត្ថុតាងចាប់យករួមមាន ម៉ូតូ ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1KT-0939 939 , ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក រៀលមី ពណ៌ប្រផេះក្រម៉ៅ , ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក វីវ៉ូ ពណ៌ស និង ដាវកែច្នៃចំនួន ០១ ដើម។
ក្រោយពីសមត្ថកិច្ច បានធ្វើការឃាត់ខ្លួន និងសាកសួររួចមកសមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង០៣នាក់ ខាងលើ ជាលទ្ធផលបង្ហាញថា ជនសង្ស័យឈ្មោះ គៀន សុវណ្ណបញ្ញា ពិតជាមានផ្ទុកសារធាតុញៀនក្នុងខ្លួន។
បច្ចុប្បន្នក្រុមជនត្រូវចោទ ជាក្មេងទំនើងទាំងនេះ តហរូវបានបញ្ជូនទៅកាន់ដំណាក់កាលចៅក្រមស៊ើបសួរបន្តអាចនឹងឃុំខ្លួននៅពន្ធនារគារជាបណ្ដោះអាសន្ន៕
ដោយ ៖ រ៉ារ៉ា