ព័ត៌មានទាន់ហេតុការណ៍៖

Update! ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃយកទៅបន្តនីតិវិធី

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ នារសៀលថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ទីបំផុតសមត្ថកិច្ចនគរបាលបានទទួលបទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ឱ្យនាំខ្លួនជនសង្ស័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ។

ក្នុងរបាយការណ៍ដដែលឱ្យដឹងទៀតថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ជននេះពាក់ព័ន្ធករណីលួច និងដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទែដែលបានប្រព្រឹត្តឡើងនៅក្នុងភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

របាយការណ៍លើកឡើងបន្តទៀតថា ការឃាត់ខ្លួនជនសង្ស័យនេះ ជាការអនុវត្តតាមបណ្ដឹងរបស់ឈ្មោះ ចាន់ ផាន់ណា ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នមានទីលំនៅ ភូមិបឹងវាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ដែលបានប្តឹងថា នាពេលកន្លងទៅជនសង្ស័យ(ចាន់ សុភ័ក្រ)បានធ្វើសកម្មភាពលួចឫស្សីរបស់គាត់ចំនួន៣០០០ដើម ក្នុងតម្លៃចំនួន៦.០០០.០០០រៀល។ បន្ទាប់មកទៀតជននេះបានលួចធ្យូងរបស់គាត់ចំនួន១ការុងបន្តទៀត ហើយស្រាប់តែនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ជនសង្ស័យ(ចាន់ សុភ័ក្រ)បានដុតបំផ្លិចបំផ្លាញឫស្សីរបស់គាត់អស់ជាច្រើនដើមបន្ថែមទៀត ។

ក្នុងរបាយការណ៍បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យបានបំពេញនីតិវិធី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរចាត់ការបន្ត ៕

ដោយៈ ប៉ឹម ពិន


ចែករំលែក៖