ខេត្តកំពង់ស្ពឺ៖ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលវល្លិ.សបានឃាត់ខ្លួនជនសង្ស័យ៥នាក់ក្នុង៣ករណីផ្សេងគ្នា។យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ករណីទី១-ក្រោយទទួលបានសេចក្តីរាយការណ៍ពីព្រះអង្គ ឌូ វណ្ណឌឿន ព្រះអនុគណស្រុកសំរោងទង កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលវល្លិ.ស បានអញ្ជើញមនុស្សចំនួន៣នាក់មកធ្វើការសាកសួរ ដែលក្នុងនោះមាន៖
១-ឈ្មោះ លី ឃុន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង, ២-ឈ្មោះ ហេង រតន: ភេទប្រុស អាយុ ៤២ឆ្នាំ, ៣-ឈ្មោះ ម៉ាប់ ប៉ោង ភេទប្រុស អាយុ៣១ឆ្នាំ ( ម្ចាស់កង់បី ) ទាំង២នាក់ រស់នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានដើររៃអង្គាសបច្ច័យ នៅភូមិគោកព្នៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាង ៖ ម៉ូតូកង់បី១គ្រឿង មេក្រូ១ អាំព្លី កាធុនជ័រចំនួន២ ពេលឃាត់ខ្លួននៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ ។
សមត្ថកិច្ចជំនាញបានអោយដឹងទៀតថា ករណីទី១ នៅវេលាម៉ោង ៨និង៣០នាទីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានល្បាតនៅចំណុច ខាងត្បូងភូមិព្រៃតាចាប ឃុំសំបូរ ស្រុក សំរោងទង បានឃាត់មុខសញ្ញារក្សាទុកគ្រឿងញៀន១នាក់ដែលមានឈ្មោះ សុន វិចិត្រ ភេទប្រុស អាយុ ៣៣ ឆ្នាំ នៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
វត្ថុតាងចាប់យករួមមាន÷ -គ្រឿងញៀន ១កញ្ចប់តូច -ម៉ូតូ១គ្រឿង -ទូរស័ព្ទដៃ១គ្រឿង។ លុះដល់វេលាម៉ោង១២ និង១០នាទីថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០២៤ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែនដី បានធ្វើការឃាត់ខ្លួនមុខសញ្ញាតាមដីកា១នាក់បន្ថែមទៀតដែលមានឈ្មោះ ចាន់ ធី ហៅ តួ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ១៤០ ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរ អមសាលាដំបូងខេត្តកំពង់ស្ពឺពីបទ ៖ រក្សាទុក ឬជួញដូរ និងចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ទាំង៣ករណីខាងលើនេះជំនាញបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕
ដោយ÷ចន្ទ លីហ្សា