ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ថា ៖ គណៈប្រតិភូគណៈអធិការកិច្ចវិន័យបក្សកុម្មុយនិស្តចិន និងគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៣-១៥ ខែ មិថុនា ឆ្នាំ ២០២៤។
សូមបញ្ជាក់ថា ៖ ឆ្លើយតបតាមការអញ្ជើញរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃព្រះរាជាណាចក្រកម្ពុជា លោក Feng Zhili សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាលេខាធិការ នៃគណៈអធិការកិច្ចវិន័យ នៃគណបក្សកុម្មុយនិស្តចិន ខេត្តយូណាន និងជាប្រធានគណៈត្រួតពិនិត្យកិច្ចការរដ្ឋចិន ខេត្តយូណាន នឹងដឹកនាំសមាជិកគណៈប្រតិភូចំនួន ០៥រូប មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១៣ ដល់ ១៥ ខែ មិថុនា ឆ្នាំ ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តយូណាន នឹងអញ្ជើញធ្វើទស្សនកិច្ចនៅ អ.ប.ព. និងចូលជួបពិភាក្សា ការងារជាមួយ ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ព្រមទាំងទស្សនាព្រះបរមរាជវាំង ផងដែរ។
គណៈប្រតិភូ ក៏នឹងអញ្ជើញធ្វើទស្សនកិច្ចនៅខេត្តសៀមរាប ដែលគ្រោងនឹងចូលជួបសម្តែងការគួរសមជាមួយ លោក អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងធ្វើទស្សនកិច្ចនៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ហើយក៏នឹង អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទល្បីៗជាច្រើនទៀត។ ជាពិសេស គណៈប្រតិភូ នឹងធ្វើជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាង អង្គភាពប្រឆាំងអំពើពុករលួយ នៃព្រះរាជា ណាចក្រកម្ពុជា និងក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រង អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ទៀតផង៕
ដោយ ៖ សិលា