ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល៖ រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំត្រូវធ្វើឡើងជាសាធារណៈនិងឱ្យមានតម្លាភាព

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានលើកឡើងថា រាល់ការដេញថ្លៃគម្រោងមូលនិធិឃុំត្រូវធ្វើឡើងជាសាធារណៈ ឱ្យមានតម្លាភាព និងលុបបំបាត់ឱ្យខាងតែបាន ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន។

ការលើកឡើងដូចនេះ គឺក្នុងឱកាសដែលលោកអភិបាលស្រុកអញ្ជើញចូលរួមក្នុងពិធីដេញថ្លៃគម្រោងធ្វើផ្លូវមូលនិធិឃុំ ក្នុងឃុំជ្រៃធំ ស្រុករមាសហែក នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នៅសាលាឃុំជ្រៃធំ ស្រុករមាសហែក។

លោក ស៊ូ ម៉ុល បានស្នើឱ្យតំណាងក្រុមហ៊ុនទាំងអស់ដែលចូលរួមក្នុងការដេញថ្លៃ សូមឱ្យមានការដេញថ្លៃដោយសេរី និងយុត្តិធម៌ ចៀសវាងការឃុបឃិតគ្នាក្នុងរូបភាពណាមួយជាដាច់ខាត ព្រោះនេះជាកញ្ចប់ថវិកាសម្រាប់ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋាន ដូច្នេះការដេញថ្លៃត្រូវឱ្យមានតម្លាភាព និងការសាងសង់ផ្លូវធ្វើឱ្យត្រូវតាមស្តង់ដារលក្ខណៈបច្ចេកទេស មានភាពរឹងមាំ គង់វង្សយូរអង្វែង។

លោកអភិបាលបានសង្កត់ធ្ងន់ថា ការដេញថ្លៃគម្រោងមូលនិធិឃុំ-សង្កាត់ ត្រូវតែធ្វើឡើងជាសាធារណៈនៅចំពោះមុខអ្នកចូលរួមដេញថ្លៃទាំងអស់ ដើម្បីឱ្យមានតម្លាភាព និងជៀសវាងជាដាច់ខាតនូវភាពអនាធិបតេយ្យ ក្នុងអំឡុងពេលដំណើរការនីតិវិធីដេញថ្លៃ ជាពិសេសត្រូវលុបបំបាត់ឱ្យខាងតែបាន ចំពោះជនឆ្លៀតឱកាសចាំយកប្រាក់សេវា។

ចំពោះអ្នកទទួលការដែលឈ្នះក្នុងការដេញថ្លៃត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស និងរយៈពេលកំណត់នៃកិច្ចសន្យា។

លោកអភិបាលស្រុកបានបន្ថែមថា ចំពោះអាជ្ញាធរឃុំ ត្រូវពង្រឹងភាពទទួលខុសត្រូវនៃការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់បន្ថែមទៀត លើភាពជោគជ័យជាបន្តបន្ទាប់ដែលសម្រេចបាននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយក្នុងនោះផងដែរ ប្រជាពលរដ្ឋមានសិទ្ធិចូលរួមដឹងឮ រាល់កិច្ចការងារអភិវឌ្ឍន៍គម្រោងអ្វីមួយនៅក្នុងមូលដ្ឋានរបស់ខ្លួន៕

ដោយ៖ សុថាន


ចែករំលែក៖