ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ៖ នៅក្នុងអណត្តិទី៧ ដំណាក់កាលទី១ នៃយុទ្ធសាស្រ្តបញ្ចកោណនេះ រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ចេញជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមិទ្ធកម្មបន្ថែម សំដៅដល់ការបម្រើប្រជាពលរដ្ឋ ពោលគឺ «ស្នូលនៃគោលនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណ គឺការពង្រឹងអភិបាលកិច្ច»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ អភិបាលកិច្ចគឺជាការធានាដល់ការប្រតិបត្តិរួមគ្នា សង្គតិភាព ប្រសិទ្ធភាព និងជាប្រទីបមួយសម្រាប់បញ្ជាក់អំពីការទួលខុសត្រូវ។ ដូច្នេះ អភិបាលកិច្ចល្អគឺជាការធ្វើទំនើបកម្មសា្ថប័នឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វ័យឆ្លាត និងស្អាតស្អំ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តភាព និងដំណើរការរបស់រដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជននិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ សម្តេចធិបតី បានបន្ថែមថា ភាពជោគជ័យក្នុងការសម្រេចបាននូវអភិបាលកិច្ចចល្អអាស្រ័យលើកត្តាសំខាន់ចំនួន២ គឺ៖
ទី១-យន្តការ
ទី២-មនុស្ស
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានប្រព័ន្ធការងារល្អ លុះត្រា ណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្សនេះឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀតគ្រប់ក្រសួង ស្ថាប័នទាំងអស់។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ដើម្បីឱ្យការងារក្នុងស្ថាប័នមួយរីកមច្រើន និង ដំណើរការទៅដោយរលូន គឺត្រូវមានយន្តការល្អ និងធនធានមនុស្សប្រកបដោយសមត្ថភាព។
-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។
សម្តេចធិបតី បញ្ជាក់ថា ៖ បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល អនឡាញ៕
ដោយ ៖ សិលា