ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមអនុប្រធានទី១ ទី២ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា  អមដំណើរដោយឯកឧត្តមនាយកខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេករបស់ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានទទួលមរណភាព កាលពីវេលាម៉ោង០១:៣៥នាទីរំលងអធ្រាត្រ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ៩៣ឆ្នាំ ដោយជរាពាធ នាថ្ងៃអាទិត្យ ៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងវេលាប្រកបដោយទុក្ខសោកនេះ ឯកឧត្តមបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះការបាត់បង់ដ៏ធំធេងក្នុងគ្រួសាររបស់ឯកឧត្តម ដោយការបាត់បង់មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ឯម ជា គឺជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ប្រពៃ។ ទោះបីរូបកាយរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ឯម ជា បាត់បង់ទៅក៏ពិតមែន ប៉ុន្តែអ្វីដែលបានបន្សល់ទុកនោះគឺ អំពើល្អជាកុសល កិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញ្ញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ឯកឧត្តមបានចូលរួមឧទ្ទិសបួងសួងជូនដល់ដួងវិញ្ញាណក្ខន្ធរបស់មហាឧបាសិកាពុទ្ធ សាសនូបត្ថម្ភក៍ ឯម ជា បានទៅសោយសុខក្នុងសុគតិភព ជានិច្ចរៀងទៅ។

សពមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា បានតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ២២២  ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

ដោយ ៖ សិលា


ចែករំលែក៖