ភ្នំពេញ ៖ ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ!
១) អ្វីទៅជាជំងឺទឹកនោមប្រៃ ហើយវាមានរោគសញ្ញាអ្វីខ្លះ?
ជាធម្មតា តម្រងនោមរបស់មនុស្សយើងមានចំនួន២ ហើយតម្រងនោមនីមួយៗ មានកោសិកាតម្រង ឬ Glomeruli ចំនួន១លានកោសិកា។
ជំងឺទឹកនោមប្រៃ កើតឡើងដោយសារការខូចខាតនូវមុខងាររបស់កោសិកាតម្រង (Glomeruli) និងបង្កអោយអ្នកជំងឺ ចាប់ផ្តើមមានវត្តមាន សារធាតុប្រូតេអ៊ីនក្នុងទឹកនោមយ៉ាងច្រើន (លើសពី ៣ក្រាម ក្នុងរយៈពេល ២៤ម៉ោង) ព្រមទាំងបាត់បង់សារធាតុសាច់ (Albumin) នៅក្នុងឈាម ដែលជាហេតុធ្វើអោយអ្នកជំងឺលេចចេញនូវអាការៈ ហើម ជាពិសេសនៅបរិវេណត្របកភ្នែក និងជើងទាំងសងខាង។
រោគសញ្ញាផ្សេងទៀតមានដូចជា៖
– ទឹកនោមមានពពុះច្រើនខុសធម្មតា
– ឡើងគីឡូលឿន ខុសធម្មតា ដោយសារហើម
– អស់កម្លាំង ល្ហិតល្ហៃ
– បាត់បង់ចំណង់ក្នុងការបរិភោគអាហារជាដើម។
២) មូលហេតុអ្វីបានជា កើតជំងឺទឹកនោមប្រៃ?
ជំងឺទឹកនោមប្រៃ ចំពោះមនុស្សពេញវ័យ មានមូលហេតុច្រើន ប្រែប្រួលទៅតាមអាយុ និងភេទរបស់អ្នកជំងឺ។ មូលហេតុភាគច្រើន គឺបណ្តាលមកពី៖
– ការខូចខាតនូវកោសិកាតម្រង Glomeruli (ជំងឺ Minimal change disease ជំងឺ Focal segment glomerulosclerosis) ។
– ជំងឺ លូពីស (Lupus nephritis)
– ជំងឺទឹកនោមផ្អែម រុំារ៉ៃយូរឆ្នាំ
– ជំងឺបំរុងក្រឡាភ្លើង ឬ ក្រឡាភ្លើង ចំពោះស្រ្តីមានផ្ទៃពោះ
– ការប្រើប្រាស់ថ្នាំដែលមានលទ្ធភាពពុលតម្រងនោម ដូចជា ថ្នាំបំបាត់ការឈឺចាប់ NSAIDs ថ្នាំ Lithium ថ្នាំ D-Penicillamine ជាដើម។
– ផ្សេងៗទៀត ដូចជា ជំងឺឆ្លងមួយចំនួន (រលាកថ្លើម ឆ្លងមេរោគអេដស៍) ជំងឺមហារីកសួត មហារីកឈាម ជាដើម។
ការរុករកមូលហេតុពិតប្រាកដ ដែលបង្កអោយមានជំងឺទឹកនោមប្រៃ គឺពិតជាមានសារៈសំខាន់ណាស់ សំរាប់ការព្យាបាល និងការការពារកុំអោយមានផលវិបាករហូតដល់ខ្សោយតម្រងនោមរ៉ាំរ៉ៃ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospitalប៕
ដោយ ៖ សិលា