យោធាកូរ៉េខាងត្បូងបានបាញ់ព្រមាននៅពេលដែលខ្លួនបានរកឃើញទាហានកូរ៉េខាងជើងប្រហែល 20 នាក់កំពុងឆ្លងកាត់ព្រំដែនដីអន្តរកូរ៉េ។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នេះគឺជាសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ (១១ មិថុនា) ពីនាយសេនាធិការចម្រុះកូរ៉េ(JCS)។
JCS បាននិយាយថា ទាហានកូរ៉េខាងជើងបានឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធា (MDL) ដែលមានទីតាំងនៅតំបន់គ្មានយោធា (DMZ) បំបែកកូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅម៉ោងប្រហែល 12:30 ថ្ងៃទី 9 ខែមិថុនា។ ដោយរកឃើញឧបទ្ទវហេតុនេះ យោធាកូរ៉េខាងត្បូងបានធ្វើសេចក្តីប្រកាសខ្លាំងៗ និងបានបាញ់ព្រមាន ដោយបង្ខំឱ្យទាហានកូរ៉េខាងជើងត្រឡប់ទៅព្រំដែនកូរ៉េខាងជើងវិញ។
យោងតាម JCS កូរ៉េខាងត្បូងមិនបានរកឃើញសកម្មភាពមិនធម្មតាណាមួយពីកូរ៉េខាងជើងបន្ទាប់ពីការបាញ់ព្រមាននោះទេ។ លោកវរសេនីយ៍ឯក Lee Sung-jun អ្នកនាំពាក្យរបស់ JCS បាននិយាយថា យោងទៅតាមការវាយតម្លៃ ទាហានកូរ៉េខាងជើងកំពុងបំពេញបេសកកម្មមិនជាក់លាក់មួយនៅខាងក្នុង DMZ ហើយគ្មានចេតនាឆ្លងកាត់ MDL ដូច្នេះពួកគេត្រឡប់ទៅភាគខាងជើងព្រំដែនកូរ៉េវិញភ្លាមៗបន្ទាប់ពីឮសំឡេងព្រមាន។
លោក លី បន្ថែមថា បច្ចុប្បន្ន DMZ មានស្មៅនិងគុម្ពោតព្រៃច្រើន ដែលធ្វើឲ្យស្លាកសញ្ញា MDL ពិបាកមើល។
ឧបទ្ទវហេតុនេះបានកើតឡើងចំពេលមានភាពតានតឹងកើនឡើងរវាងទីក្រុងសេអ៊ូល នឹងទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ បន្ទាប់ពីកូរ៉េខាងជើងបានបញ្ចេញប៉េងប៉ោងជាបន្តបន្ទាប់ដែលដឹកសំរាមទៅកាន់កូរ៉េខាងត្បូង៕
ដោយ៖ ធីរីណា(រូបថត៖ Vietnamnet)