ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារសម្ដែងអំណរសាទរជូនចំពោះឯកឧត្ដមប្រធានរដ្ឋសភា និងប្រជាជនរុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាបុណ្យឯករាជ្យជាតិ នៃសហព័ន្ធរុស្ស៊ី។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់នៅក្នុងសារសម្ដែងអំណរសាទរយ៉ាងដូច្នេះថា៖ ឯកឧត្តម វីយ៉ាឆេស្ទាវ ម៉ូឡូឌីន (Vyacheslav Volodin) ប្រធានរដ្ឋសភាឌូម៉ានៃសហព័ន្ធរុស្ស៊ី រដ្ឋធានីម៉ូស្គូ
ឯកឧត្តមប្រធានរដ្ឋសភា ជាទីគោរពរាប់អានដ៏ជ្រាលជ្រៅ!
តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋសភា និងតាមរយៈឯកឧត្តម សូមជូនដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាជនរុស្សីទាំង អស់ សូមប្រកបដោយសព្ទសារធុការពរ ក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៣៤ នៃទិវាបុណ្យ ឯករាជ្យជាតិ នៃសហព័ន្ធរុស្ស៊ី ដែលនឹងប្រារព្ធទៅនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូល្អជាមួយនឹងសហព័ន្ធរុស្ស៊ី និង សូមអបអរសាទរនូវសមិទ្ធិផលដែលទទួលបានរវាងប្រទេសទាំងពីរ និងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ។ យើងប្តេជ្ញា ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្វែងរកនូវ កាលានុវត្តភាពថ្មីៗ ដើម្បីផ្តល់ប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។
សូម ឯកឧត្តមប្រធានរដ្ឋសភា មេត្តាទទួលនូវការគោរពរាប់អានដ៏ជ្រាលជ្រៅ ពីខ្ញុំ៕
ដោយ៖ តារា