ខេត្តប៉ៃលិន ៖ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៤ នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយដ្ឋានចំណេះដឹងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្រសួងបរិស្ថាន ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត-ក្រុងប៉ៃលិន ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្សទូទាំងខេត្តប៉ៃលិនប្រមាណ៤០០នាក់ ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន តំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំទិវាបរិស្ថានពិភពលោក៥ មិថុនា គឺជាវេទិកាដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និងចូលរួមជាមួយប្រជាជនសហគមន៍ និងរដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែលកំពុងប្រឈមនឹងភពផែនដី។ ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក។ ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវបានរៀបចំឡើងនៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយបានសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបញ្រ្ជាបចំណេះដឹងបរិស្ថាន និងការអនុវត្ត នៅតាមទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ក្នុងការជម្រុញភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ និងជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ ២០៥០។
លោក ហែម ឬទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិនបានធ្វើការអំពាវនាវ សូមប្រជាពលរដ្ឋ បន្តចូលរួមអនុវត្តអោយកាន់តែសកម្មនូវគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន និងយកចិត្តទុកដាក់គ្រប់គ្រងលើសំណល់ដែលយើងបានបញ្ចេញ និងចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាធនធានដែលមានស្រាប់ឱ្យមាននិរន្តរភាព។
លោកស្រី គង់ កុសល នាយកគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា សំអាង វឌ្ឍ: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជន ក្រុមហ៊ុនសូមធ្វើការគាំទ្រ និងចូលរួមគោលនយោបាយវិស័យបរិស្ថានរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបរិស្ថានយើងស្អាត និងបៃតង។ នៅថ្ងៃដដែលនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធនាការ«ថ្ងៃនេះខ្ញុំ មិនប្រើប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ៕
ដោយ ៖ សិលា