ព័ត៌មានទាន់ហេតុការណ៍៖

សម្រង់ខ្លឹមសារសំខាន់ៗរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត​ ថ្លែងថា៖ ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ 

ជាក់ស្ដែងនាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈ មួយ ប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌ នៃការសម្រេចនូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជាជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយ ប្រសិទ្ធភាព នៅក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)។

ជាកិច្ចបន្ទាប់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជា អនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃការរៀបចំ និងការដាក់ឱ្យអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយផ្តោតលើ៖ (១) ការដាក់ ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងប្រសិទ្ធភាព, (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ក្នុងរដ្ឋបាលសាធារណៈ ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់ លោក ហ៊ុន ម៉ានី, សម្តេចធិបតី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងលទ្ធផលសម្រេចបានក្នុងរយៈពេល ៩ខែមកនេះ និងបានគូសបញ្ជាក់ លើចំណុចសំខាន់ៗដូចខាងក្រោម៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើ ត្រូវអនុវត្តបន្ត តាមអភិក្រម «រើសឱ្យចំ ប្រើឱ្យត្រូវ រក្សាឱ្យនៅ» (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ត្រូវបន្ត យកចិត្តទុកដាក់ខ្ពស់ និងធ្វើឱ្យបានសម្រេចលើការងារនេះឱ្យបានតាមគោលដៅ គឺ ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៤ នេះ និង (៣) ក្រសួងមុខងារសាធារណៈត្រូវជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តប្រព័ន្ធ លើកទឹកចិត្តគាំទ្រសមិទ្ធកម្មនេះឱ្យបានសមស្រប និងទាន់ពេល។

នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាព ២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍មួយចំនួន ដូចខាងក្រោម៖

(១) ទោះបីផែនការសកម្មភាព២០២៤-២០២៨ ត្រូវបានដាក់ឱ្យអនុវត្តក៏ពិតមែន ប៉ុន្តែសូមចាត់ទុកផែនការ សកម្មភាពនេះគឺជា «ឯកសាររស់» ដែលត្រូវបន្តអនុវត្តបណ្តើរ ដកបទពិសោធបណ្តើរ ក្នុងស្មារតីទន់ភ្លន់ និង វៃឆ្លាត ដើម្បីកែសម្រួលទៅតាមស្ថានភាពជាក់ស្តែង ក្នុងគោលដៅបង្កើនជាប្រចាំនូវស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាព នៃការអនុវត្តវិធានការគន្លឹះ។

(២) ក្នុងគោលដៅបង្កើនស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់ គឺត្រូវអនុវត្ត តាមគោលការណ៍មួយចំនួន ពោលគឺ៖​ ចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុង ករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់,​ រាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្ត្រីថ្មីបន្ថែមត្រូវតែមានការឯកភាពពីក្រសួង មុខងារសាធារណៈ,​ លើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នអាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់ សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋាន ពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។

(៣) ក្រសួង-ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារ ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុង ឆ្នាំ២០២៤ នេះ ស្របតាមស្មារតីនៃសេចក្តីណែនាំលេខ ០១ សណន ស្តីពីការពិនិត្យឡើងវិញ និងការវិភាគ មុខងារ និងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន ដែលបានដាក់ចេញ កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៤។ និង (៤) គ្រប់ក្រសួងស្ថាប័នទាំងអស់ ត្រូវធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្ត វិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន ស្របតាមសារាចរណែនាំ លេខ ០៨សរ ចុះថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន។

មុននឹងបញ្ចប់ សម្តេចធិបតី បានបញ្ជាក់ថា ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាការងារ របស់ក្រសួងមុខងារសាធារណៈម្នាក់ឯងនោះទេ គឺជាការងាររបស់ក្រសួង-ស្ថាប័នទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ដូច្នេះ ការគាំទ្ររបស់ក្រសួង-ស្ថាប័ន គឺមិនគ្រប់គ្រាន់ទេ តែត្រូវការការចូលរួម យ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់ ពោលគឺក្នុងអភិក្រមរដ្ឋាភិបាលទាំងមូល និងក្នុងស្មារតី “សម្លេងមួយ-យុទ្ធសាស្ត្រមួយ-ផែនការមួយ” ទើបអាចធានាសម្រេចជោគជ័យបាន ។

ជាចុងក្រោយ សម្តេចធិបតី បានស្នើ និងលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ទាំងអស់ បន្តខិតខំអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម ព្រមទាំងពង្រឹងនូវកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើររវាងគ្នាទៅវិញទៅមក ក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”៕

ដោយ៖តារា


ចែករំលែក៖