ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការចុះផ្សាយព័ត៌មានរបស់ហ្វេសប៊ុកផេកឈ្មោះ My Life

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានការចុះផ្សាយតាមបណ្តាញសង្គម Facebook នៅលើផេកមួយឈ្មោះ My Life ដែលជាផេកមួយគ្មានប្រភពច្បាស់លាស់ គ្មានអាជ្ញាប័ណ្ណជាអ្នកសារព័ត៌មាន និងបម្រើផលប្រយោជន៍ Game Online ដោយបានផ្សព្វផ្សាយនូវព័ត៌មានមិនត្រឹមត្រូវ បង្កឱ្យមានការយល់ច្រឡំនិងបំពុលសង្គម ពាក់ព័ន្ធនឹងការចោទប្រកាន់ថាអាជ្ញាធរថៃបញ្ជូនសាកសពពលករខ្មែរចំនួន ១៣ នាក់មកកម្ពុជាក្នុងរយៈពេលត្រឹម១ខែ។

ពាក់ព័ន្ធនឹងករណីនេះដែរ អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ដោយសារចាញ់បោកមេខ្យល់ ហើយអាជ្ញាធរថៃបានចាប់បញ្ជូនចូលប្រទេសកម្ពុជាវិញក្នុងខែឧសភាឆ្នាំ២០២៤ កន្លងមកនេះ មានចំនួន ៦៣២នាក់ ក្នុងនោះមានស្រ្តី ២១៧នាក់ និងកុមារចំនួន ៨០នាក់ ហើយពួកគាត់ត្រូវបានបញ្ជូនបន្តទៅមជ្ឈមណ្ឌលសុំចតក្រុងប៉ោយប៉ែត ដើម្បីអប់រំណែនាំពួកគាត់រួចបានបញ្ជូនឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។

រីឯសាកសពទាំង១៣នាក់នោះវិញ អាជ្ញាធរបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលបានទទួលមរណភាពនៅក្នុងប្រទេសថៃ ហើយត្រូវបានបញ្ជូនត្រឡប់ចូលប្រទេសវិញតាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវក្នុងខែឧសភា ឆ្នាំ២០២៤ មានចំនួន១៣នាក់ ស្រ្តី០២នាក់ ក្នុងនោះរួមមាន៖

ក. សាកសពជាពលករស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួន០៤នាក់ ចងកសម្លាប់ខ្លួនចំនួន០១នាក់ ខ្យល់គរ០១នាក់ និងត្រូវគេធ្វើឃាតដោយបាញ់សម្លាប់ចំនួន០១នាក់ សរុបចំនួន០៧នាក់។

ខ.សាកសពជាប្រជាពលរដ្ឋដែលមរណភាពដោយសារជម្ងឺនៅមន្ទីរពេទ្យប្រទេសថៃឡង់ដ៏សរុបចំនួន០៦នាក់ក្នុងនោះស្រ្តី០២នាក់។

ជាទីបញ្ចប់ រដ្ឋបាលខេត្តបន្ទាយមានជ័យបានអំពាវនាវឱ្យសាធារណជន និងអ្នកសារព័ត៌មានទាំងអស់កុំចែកចាយបន្តនូវអត្ថបទព័ត៌មានដែលមិនត្រឹមត្រូវនេះ៕

ដោយ ៖ សិលា


ចែករំលែក៖