ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនិងខេត្តស្វយ័តជេជូនៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២បានជួបប្រជុំនិងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះ បានធ្វើឡើងនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ រវាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកយ៉ុង ហ៊ុន អភិបាលទីក្រុងជេជូ(JeJu)នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជានឹងប្រទេសកូរ៉េខាងត្បូង កើតឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគម្រោងនេះនឹងបើកការដ្ឋាននាពេលខាងមុខនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាជាច្រើនទៀត។ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េបានបន្តនូវកិច្ចសហប្រតិបត្តិការជាមួយរាជធានីភ្នំពេញជាច្រើនផងដែរ។ ជាក់ស្តែងពេលនេះ រាជធានីភ្នំពេញបានចងសម្ព័ន្ធមន្ត្រីភាពជាមួយនឹងទីក្រុងជេជូ ដើម្បីឱ្យទំនាក់ទំនងនៃទីក្រុងទាំងពីរកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ពិសេសគឺការបន្តទំនាក់ទំនងកាន់តែល្អទៅក្មេងជំនាន់ក្រោយៗទៀត។
លោកបានបន្ដថា កន្លងមកនេះ រាជធានីភ្នំពេញបានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។
លោក ឃួង ស្រេង ក៏បានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជន់លិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើតនូវគម្រោងឥណទានមួយដោយប្រើ ប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ជៀសនូវការលិចលង់នេះ។
លោកអភិបាលរាជធានីភ្នំពេញបានបន្តថា៖ រាជធានីភ្នំពេញមានសុខសន្តិភាពពេញលេញ ទទួលបាននូវការជឿជាក់ពីអ្នកវិនិយោគទុន បានមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញយ៉ាងច្រើន។ រាជធានីភ្នំពេញក៏នៅតែបន្តទាក់ទាញអ្នកវិនិយោគ ឱ្យមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញបន្ថែមទៀត។
លោក អូ យ៉ុងហ៊ុន បានមានប្រសាសន៍លើកឡើងដែរថា៖ អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត ជាអ្នកកសាងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងប្រទេសកូរ៉េនិងប្រទេសកម្ពុជា។ សម្ដេចមហាបវរធិបតីបានបង្កើតជាដៃគូយុទ្ធ សាស្ត្រជាមួយនឹងប្រទេសកូរ៉េ ដោយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ប្រមុខថ្នាក់ដឹកនាំរបស់ប្រទេសកូរ៉េបានជួបប្រជុំជាមួយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត។ ដោយឡែកខេត្តជេជូ បានជួបជាមួយសម្ដេច នៅថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤នៅទីក្រុងសេអ៊ូល ជាលទ្ធផលយើងបានចុះMOU ជាមួយរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា៖ ទីក្រុងជេជូមានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ។ តែទីក្រុងមួយនេះបានទាក់ ទាញភ្ញៀវទេសចរប្រមាណជា១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ។តាមរយៈទំនាក់ទំនងនៃប្រទេសទាំងពីរយើងនឹងជំរុញលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម ថាមពលជាមួយកម្ពុជា។យើងនឹងអនុវត្តទៅតាមផែនការជាមួយនឹងការផ្លាស់ប្ដូរទំនាក់ទំនងកាន់តែល្អរវាងប្រទេសទាំងពីរ។ លោក អូ យ៉ុងហ៊ុនក៏បានអញ្ជើញលោកឃួង ស្រេង និងប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចផ្លូវការនៅកោះខេត្ដស្វយ័តជេជូផងដែរ៕
ដោយ . សំរិត