ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឱ្យក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ផ្អាកការសាងសង់ និងរៀបចំឆ្នេរ ផ្លូវក្រានីតឱ្យស្អាតដូចដើមវិញ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ កំណត់ឱ្យក្រុមហ៊ុនផ្អាកការសាងសង់ និងរៀបចំឆ្នេរ ផ្លូវក្រានីតឱ្យស្អាតដូចដើម និងត្រូវរៀបចំឯកសារ សហការជាមួយស្ថាប័ន មន្ទីរជំនាញ ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន ។ នេះបើយោងតាមផេក ប្រជាជន ខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ប។ 

សូមបញ្ជាក់ថាគម្រោងសាងសង់ គម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ដោយអាងតន្ត្រីបាញ់ទឹក មានភ្លើងព័ណ៌ និងអាចបាញ់ទឹកបានកម្ពស់៦០ម៉ែត្រដោយផុសអណ្តែតខ្លួននៅលើលំហសមុទ្រ។ ដោយឡែកចំពោះរបាំងការពាររលកសមុទ្រ ក្រៅពីជួយទប់រលកសមុទ្រមកប៉ះលើលើនាវា ក៏មានការរៀបចំជាផ្លូវថ្មើរជើងនៅលើទំនប់នោះ ដោយអនុញ្ញាតឱ្យសាធារណជនអាចចេញចូលទៅស្ទូចត្រី ថតរូប និងទស្សនាអាងតន្ត្រីបាញ់ទឹកកំសាន្តដោយសេរី។

សូមអានសេចក្ដីលំអិត ៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក អុី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ 

យោងតាមលិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានឯកភាពជាគោលការណ៍ចំពោះសំណើសុំអនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ ៨.៦១២ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រប្រវែង ៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ស្ថិតនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះ ត្រូវដាក់ឱ្យបម្រើផលប្រយោជន៍សាធារណៈ។ 

បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ ក្រុមហ៊ុនត្រូវអនុវត្តលក្ខខ័ណ្ឌ ៣ចំណុចដូចខាងក្រោម៖

១/ ស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ កំណត់ និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។

២/ សិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុដែលផ្ដល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រ ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

៣/ ស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។ 

ប៉ុន្តែនៅពេលដែលក្រុមការងារចម្រុះខេត្តចុះពិនិត្យទីតាំងជាក់ស្តែងឃើញថាក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី មិនទាន់មានលិខិតបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ ពិសេសលក្ខខ័ណ្ឌទាំង ៣ចំណុចរបស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺក្រុមហ៊ុនមិនទាន់បានបំពេញនៅឡើយទេ។

តាមការបញ្ជាក់របស់ក្រុមហ៊ុន គឺមានការភាន់ច្រឡំថាលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន ប៉ុន្តែបន្ទាប់ពីស្តាប់ការណែនាំរបស់ក្រុមការងារចម្រុះខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារទាំង ៣ចំណុច របស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារចម្រុះខេត្ត។

សូមជម្រាបជូនថា ចំពោះគម្រោងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រនេះ គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញថ្មីមួយទៀតសម្រាប់តំបន់ឆ្នេរនៅខេត្តព្រះសីហនុ ដោយអាងតន្ត្រីបាញ់ទឹក មានភ្លើងព័ណ៌ និងអាចបាញ់ទឹកបានកម្ពស់៦០ម៉ែត្រដោយផុសអណ្តែតខ្លួននៅលើលំហសមុទ្រ។ ដោយឡែកចំពោះរបាំងការពាររលកសមុទ្រ ក្រៅពីជួយទប់រលកសមុទ្រមកប៉ះលើលើនាវា ក៏មានការរៀបចំជាផ្លូវថ្មើរជើងនៅលើទំនប់នោះ ដោយអនុញ្ញាតឱ្យសាធារណជនអាចចេញចូលទៅស្ទូចត្រី ថតរូប និងទស្សនាអាងតន្ត្រីបាញ់ទឹកកំសាន្តដោយសេរី។ 

ចំពោះគម្រោងនេះរដ្ឋបាលខេត្តមានការគាំទ្រ ប៉ុន្តែមុនពេលសាងសង់សូមក្រុមហ៊ុនត្រូវអនុវត្តតាមខ្លឹមសារទាំង ៣ចំណុចរបស់លិខិតលេខ១០៤២ ដនស/ខុទ្ទ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ជាមួយគ្នានេះ លោក អុី សុខឡេង អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ បានធ្វើការណែនាំក្រុមហ៊ុនដូចខាងក្រោម៖ 

-ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុង 

-ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ

-ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល 

-ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដើម្បីទាក់ទាញអ្នកទេសចរណ៍ និងអ្នកវិនិយោគ 

-ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់ 

-ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 

-ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន៕

ដោយ ៖ សិលា


ចែករំលែក៖