ព័ត៌មានទាន់ហេតុការណ៍៖

បទវិភាគអន្តរជាតិ ៖ ការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌គឺជាគំនិតផ្តួចផ្តើមយុគសម័យដែលជាបំណងរួមរបស់ប្រជាជននិងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ

ចែករំលែក៖

 អន្តរជាតិ ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖ នាពេលថ្មីៗកន្លងទៅនេះ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានអនុម័តជាឯកឆន្ទនូវសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ដែលលើកឡើងដោយប្រទេសចិន ហើយបានកំណត់យកថ្ងៃទី ១០ ខែមិថុនាជាទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ។ ក្នុងបរិបទបច្ចុប្បន្នដែលប្រឈមមុខនឹងវិបត្តិនិងការសាកល្បងជាច្រើន ហើយពិភពលោកបាននិងកំពុងឈានចូលដំណាក់កាលរង្គោះរង្គើនិងកំណែទម្រង់ថ្មី ការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌មានអំណោយផលដល់ការជំរុញឱ្យពិភពលោកផ្តោតសំខាន់លើបញ្ហាពិភាក្សាអំពីកិច្ចសន្ទនាខាងអរិយធម៌និងជំរុញការបង្កើនការផ្លាស់ប្តូរនិងរួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា ដូច្នេះ ការបង្កើតទិវានេះគឺ ត្រូវចំពេលណាស់ដែលជាបំណងរួមរបស់ប្រជាជននិងជានិន្នាការទូទៅរបស់សហគមន៍អន្តរជាតិ ។

    គេហទំព័រ   «CCFR China state-controlled media » បានផ្សាយថា ៖ ក្រឡេកទៅមើលពិភពលោកបច្ចុប្បន្ន ស្របពេលដែលជម្លោះផ្នែកភូមិសាស្ត្រនយោបាយឡើងកម្តៅ ការប៉ះទង្គិចក្នុងតំបន់បាននិងកំពុងកើតឡើងនៅទូទាំងពិភពលោក ហើយឱនភាពសន្តិភាព ឱនភាពសន្តិសុខ ឱនភាពអភិវឌ្ឍន៍និងឱនភាពអភិបាលកិច្ចបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យការរួមរស់នៅជាមួយគ្នារបស់មនុស្សជាតិប្រឈមមុខនឹងការសាកល្បងជាច្រើន ។ ការស្វែងរកបាននូវវិធីសាស្រ្តរួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នាបានក្លាយជាបញ្ហាសំខាន់ៗដែលសង្គមមនុស្សជាតិបាននិងកំពុងប្រឈមមុខ ។ កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៣ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមអរិយធម៌សកលដោយអំពាវនាវឱ្យពិភពលោកធ្វើឱ្យស៊ីជម្រៅនូវការជំរុញការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ ក៏ដូចជាជំរុញអរិយធម៌នៃសង្គមមនុស្សជាតិឱ្យវិវឌ្ឍរីកចម្រើន ដែលទទួលបានការឆ្លើយតបជាវិជ្ជមានពីសំណាក់សហគមន៍អន្តរជាតិ ។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌បានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវខ្លឹមសារជាស្នូលនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ។

    សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា សមិទ្ធផលអរិយ្យធម៌ទាំងអស់គឺជាទ្រព្យសម្បត្តិរួមរបស់សង្គមមនុស្សជាតិ ផ្តួចផ្តើមឱ្យគោរពពិពិធកម្មនៃអរិយធម៌ ផ្តោតសំខាន់និងគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនាខាងអរិយធម៌ក្នុងការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាពរបស់មនុស្សជាតិនិងសម្រេចបាននូវវឌ្ឍនភាពរួម ផ្តួចផ្តើមឱ្យធ្វើកិច្ចសន្ទនាដោយស្មើភាពនិងគោរពគ្នាទៅវិញទៅមករវាងអរិយធម៌ទីទៃគ្នា គំនិតទាំងនេះសុទ្ធតែស៊ីសង្វាក់គ្នាជាមួយគំនិតផ្តួចផ្តើមរបស់ចិន ។

    បន្ទាប់ពីបានអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសចំនួន ១៤ បានចូលរួមក្នុងក្រុមការងារស្នូលនៃសេចក្តីសម្រេចចិត្ត ហើយប្រទេសចំនួន ៨៣ បានចូលរួមសកម្មភាពស៊ីញ៉េឈ្មោះលើញត្តិដែលបង្ហាញយ៉ាងពេញលេញថា គំនិតផ្តួចផ្តើមអរិយធម៌សកលសម្របទៅតាមចរន្តយុគសម័យនិងមានភាពស៊ីសង្វាក់គ្នាជាមួយតម្រូវការយុគសម័យ ហើយគំនិតផ្តួចផ្តើមរបស់ចិននិងផែនការចិនកាន់តែច្រើនឡើងៗកំពុងក្លាយជាគំនិតឯកភាពរួមរបស់អន្តរជាតិ ។

    លោក Maher Ihsan អ្នកជំនាញខាងបញ្ហានយោបាយរបស់ស៊ីរីបានសម្គាល់ឃើញថា ការដែលមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌បាន”ឆ្លុះបញ្ចាំងថា គំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយប្រទេសចិនកំពុងទទួលបានផ្លែផ្កាយ៉ាងច្រើនសន្ធឹកឥតឈប់ឈរ ហើយបានប្រែក្លាយជាផលិតផលសាធារណៈដែលបម្រើមនុស្សជាតិទាំងមូលកាន់តែច្រើន ” ។

    តើត្រូវដោះស្រាយបញ្ហារវាងអរិយធម៌ទីទៃគ្នាតាមរបៀបណា វាពាក់ព័ន្ធដល់វឌ្ឍនភាពនៃអរិយធម៌មនុស្សជាតិ ក៏ដូចជាសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោក ។ ក្នុងចំណោមអរិយធម៌ទីទៃគ្នា ត្រូវការកិច្ចសន្ទនា តែមិនមែនការរើសអើង ត្រូវការការផ្លាស់ប្តូរគ្នា តែមិនមែនជំនួស ។ មានតែការសន្ទនានិងការផ្លាស់ប្តូរខាងអរិយធម៌ដែលប្រកបដោយសមភាពនិងភាពរិយាបន្ន ទើបអាចលុបបំបាត់ការរើសអើងនិងគំនិតលំអៀង ក៏ដូចជាបង្កើនការយោគយល់និងទំនុកចិត្ត ។ ទំនាក់ទំនងរវាងប្រទេស គឺ ឈរលើមូលដ្ឋាននៃការរួមរស់នៅជាមួយគ្នាដោយមេត្រីភាពរវាងប្រជាជន ។ ក្នុងចំណោមប្រទេសខុសៗគ្នា ជនជាតិខុសៗគ្នានិងអរិយធម៌ខុសៗគ្នា ប្រសិនបើអ្នកយល់ដឹងពីខ្ញុំឬខ្ញុំយល់ដឹងពីអ្នក ហេតុផលនឹងបកស្រាយកាន់តែច្បាស់ ហើយការងារក៏នឹងកាន់តែស្រួលធ្វើ ។

យ៉ាងណាមិញ ទោះបីជាអរិយធម៌មនុស្សជាតិបានរីកចម្រើនទៅដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្តក៏ដោយ ក៏សង្គ្រាមមិនដែលនៅឆ្ងាយប៉ុន្មានទេ ការប៉ះទង្គិចក្នុងតំបន់កើតឡើងជាញឹកញាប់ ហើយបញ្ហាប្រឈមសកលដូចជាភេរវនិយមនិងបម្រែបម្រួលអាកាសធាតុជាដើមកើតឡើងម្តងមួយៗ ។ ប្រឈមមុខនឹងការសាកល្បងរួម ច្រកចេញតែមួយគត់របស់មនុស្សជាតិ គឺត្រូវរួមកម្លាំងជាធ្លុងមួយនិងពុះពារឧបសគ្គជាមួយគ្នា ។

    អរិយធម៌ប្រជាជាតិចិនមានលក្ខណៈសន្តិភាពដ៏លេចធ្លោដែលបានសម្រេចពីឫសគល់ថា ជានិច្ចកាល ប្រទេសចិនតែងតែជាស្ថាបនិកកសាងសន្តិភាពរបស់ពិភពលោក ជាអ្នករួមវិភាគទាននៃការអភិវឌ្ឍរបស់ពិភពលោកនិងជាអ្នកគាំពារនៃសណ្តាប់ធ្នាប់អន្តរជាតិ ។ លើសពីនេះទៅទៀត វាបានសម្រេចថា ប្រទេសចិនស្វែងរកឥតឈប់ឈរនូវការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ តែមិនមែនអនុវត្តអនុត្តរភាពផែ្នកវប្បធម៌ ក៏ដូចជាសម្រេចថា ប្រទេសចិនមិនបង្ខិតបង្ខំឱ្យប្រទេសដទៃធ្វើតាមទស្សនៈតម្លៃនិងប្រព័ន្ធនយោបាយរបស់ខ្លួន ហើយក៏បានសម្រេចដែរថា ប្រទេសចិនបាននិងកំពុងប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការ តែមិនចាត់គោលនយោបាយអរិភាពឡើយ ។

    កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១៩ ប្រទេសអាស៊ីចំនួន ៤៧ បានជួបជុំគ្នានៅទីក្រុងប៉េកាំងដើម្បីប្រារព្ធធ្វើកិច្ចប្រជុំសន្ទនាស្តីពីអរិយធម៌អាស៊ីលើកទីមួយ បណ្តាប្រទេសនានាបានចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនិងកិច្ចព្រមព្រៀងពហុភាគីនិងទ្វេភាគីមួយចំនួនដែលបានតាំងមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងមួយចំនួន ដូចជាការធ្វើប្រតិបត្តិការអភិរក្សបេតិកភណ្ឌវប្បធម៌អាស៊ីជាដើម ។

    កាលពីខែមីនា ឆ្នាំ ២០២៣ ឆ្លងតាមរយៈកិច្ចសន្ទនានិងការចរចា អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់បានបញ្ចប់ការបដិបក្ខខាងនយោបាយរយៈពេលជាងរាប់សិបឆ្នាំ ហើយបានឈានដល់”ការផ្សះផ្សាគ្នាប្រចាំសតវត្សរ៍”ដែលបានបង្កើតជា”រូបមន្តអារ៉ាប៊ីសាអូឌីត-អ៊ីរ៉ង់”ដែលអាចផ្តល់នូវបទពិសោធសម្រាប់ដោះស្រាយបញ្ហាក្នុងតំបន់ផ្សេងទៀត ។

    សកម្មភាពយ៉ាងសកម្មទាំងនេះបានបំពេញបន្ថែមនូវស្ថិរភាពនិងជំនឿចិត្តកាន់តែច្រើនទៅក្នុងពិភពលោកដែលមានបម្រែបម្រួលនិងភាពរង្គោះរង្គើខ្លាំងដែលធ្វើឱ្យអ្នកផងទាំងពួងមើលឃើញលទ្ធភាពនៃការជំរុញសន្តិភាពតាមរយៈការសន្ទនានិងការជំរុញការអភិវឌ្ឍតាមរយៈការផ្លាស់ប្តូររវាងអរិយធម៌ទីទៃគ្នា ។

    ដោយឡែកប្រទេសចិនផ្តួចផ្តើមឱ្យមហាសន្និបាតអង្គការសហប្រជាជាតិបង្កើតទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ គឺដើម្បីពង្រីកយ៉ាងពេញលេញនូវតួនាទីដ៏សំខាន់នៃការសន្ទនាខាងអរិយធម៌ក្នុងការលុបបំបាត់ការរើសអើងនិងគំនិតលំអៀង បង្កើនការយោគយល់និងទំនុកចិត្ត ជំរុញការតភ្ជាប់ដួងចិត្តប្រជាជននិងបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ក៏ដូចជាបំពេញបន្ថែមនូវថាមពលវិជ្ជមានសម្រាប់សង្គមមនុស្សជាតិបង្កើនសាមគ្គីភាពនិងឆ្លើយតបនឹងបញ្ហាប្រឈមរួម ។

    នៅពេលបច្ចុប្បន្នដែលបណ្តាប្រទេសនានាមានអនាគតនិងជោគវាសនាតភ្ជាប់គ្នាយ៉ាងស្អិតល្មួត អរិយធម៌ទីទែគ្នាដែលមានភាពបរិយាប័ន្ន រួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាទៅវិញទៅមកបានដើរតួនាទីមិនអាចជំនួសបានក្នុងការជំរុញដំណើរធ្វើទំនើបកម្មសង្គមរបស់មនុស្សជាតិនិងធ្វើឱ្យអរិយធម៌ផ្សេងៗលើពិភពលោកប្រកបដោយភាពរុងរឿងថ្កុំថ្កើង ។ ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌លើកទីមួយបានមកដល់ហើយ ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេសនានាលើពិភពលោកដើម្បីជំរុញការគោរពគ្នាទៅវិញទៅមកនិងរួមរស់នៅជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា ធ្វើឱ្យការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នាខាងអរិយធម៌ក្លាយជាស្ពានសម្រាប់បង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសនានា ជាកម្លាំងចលករសម្រាប់ជំរុញវឌ្ឍនភាពនៃសង្គមមនុស្សជាតិនិងជាចំណងសម្រាប់គាំពារសន្តិភាពពិភពលោក ក្នុងន័យចាប់ដៃគ្នាចារទំព័រថ្មីក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖