ព័ត៌មានទាន់ហេតុការណ៍៖

តំណាងអយ្យការសម្រេចចោទប្រកាន់ជាផ្លូវការទៅលើតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖  អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ វ៉ិត វណ្ណាត ភេទប្រុស កើតឆ្នាំ១៩៧៩ ដែលជាអ្នកបើកបររថយន្តម៉ាក HYUNDAI ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនត្រូវចោទជាតៃកុងរថយន្តមានឈ្មោះ វ៉ិត វណ្ណាត ភេទប្រុស អាយុ៤៥ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ ឡឹក ចាន់រ៉ា ភេទស្រី អាយុ៥០ឆ្នាំ ជាអ្នកអនាម័យនិង ចុងភៅនៅសាលារៀនឯកជនមួយកន្លែង។

សូមបញ្ជាក់ថា កម្លាំងនគរបាលចរាចរណ៍ជើងគោកបានបញ្ជូនខ្លួនតៃកុងរថយន្តក្រឡុកស៊ីម៉ងត៍ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូពីក្រោយបណ្ដាលឱ្យស្ត្រីជាម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង។

សូមរំលឹកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត  ក្រឡុកស៊ីម៉ងត៍នឹងម៉ូតូនៅវេលាម៉ោង៣រសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខផ្ទះលេខ១៥២ លើផ្លូវលេខ៥១៦ ប្រសព្វផ្លូវលេខ២៨៣ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរថយន្តបើកចេញពីភ្លើងស្តុបសម្តេច ប៉ែននុត (៥១៦) ឆ្ពោះឡើងមកផ្លូវលេខ៧០ ។ លុះមកជិតដល់ ចំណុចកើតហេតុ ស្រាប់តែស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូលចេញពីផ្លូវលេខ២៨៣ ឡើងមកផ្លូវលេខ៥១៦ (នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អឺ ជាន់ហ្វ្រ័ងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ពេកផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមទាំងស្ត្រីរងគ្រោះខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។ ភ្លាមៗនោះអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់ខ្លួនបានភ្លាមៗ។

បច្ចុប្បន្នតៃកុងរថយន្តរូបនេះកំពង់ស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត ដែលអាចជាប់ឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖