ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត លី ធុជ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នៃ អនុសញ្ញា អូតាវ៉ា នៅទីក្រុងហ្សឺណែវ សហព័ន្ធ ស្វីស និងទីក្រុងឡុងដ៏ ចក្រភព អង់គ្លេស ចាប់ ពី ថ្ងៃទី ១៥-២៨ ខែ មិថុនា

ចែករំលែក៖

ភ្នំពេញ ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ជា ប្រធាន អនុសញ្ញាអូតាវ៉ា ឆ្នាំ ២០២៤ នឹងអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធ នៃ អនុសញ្ញា អូតាវ៉ា នៅទីក្រុងហ្សឺណែវ សហព័ន្ធ ស្វីស និងទីក្រុងឡុងដ៏ ចក្រភព អង់គ្លេស ចាប់ ពី ថ្ងៃទី ១៥-២៨ ខែ មិថុនា ឆ្នាំ ២០២៤។

ក្នុងនាមកម្ពុជាជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពី ពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និង ជាអនុប្រធានទី១ អាជ្ញាធរមីន តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម កិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៥-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ កិច្ចប្រជុំពាក់ព័ន្ធ រួមមាន ៖

ថ្ងៃទី១៨-២១ ខែមិថុនា លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដឹកនាំកិច្ច ប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) និងកិច្ចប្រជុំត្រៀមលើកទី១ នៃកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីពិភាក្សាពីឯកសារសំខាន់ៗទាំងបីរួមមាន៖ របាយការណ៍នៃការ អនុវត្តផែនការសកម្មភាពទីក្រុងអូស្គូ (២០២០-២០២៤) ផែនការសកម្មភាពសៀមរាប-អង្គរ (២០២៥-២០២៩) និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូន ទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក នៅដើមខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

ថ្ងៃទី២៤-២៦ ខែមិថុនា តបតាមការអញ្ជើញពីភាគីចក្រភពអង់គ្លេស លោកបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ចូលរួមកិច្ចពិភាក្សាកម្រិតនយោបាយ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីធានាភាពជោគជ័យនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ បន្ថែមលើនេះ លោកបណ្ឌិត ទេសរដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយក្រុមការងារអង្គភាព គាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU) និងជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បី ស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។

គូសបញ្ជាក់ផងដែរ ក្នុងអំឡុងពេលនៃកិច្ចប្រជុំពាក់កណ្តាលអាណត្តិ (Intersessional Meetings) នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស តំណាងវិស័យឯកជននៅកម្ពុជាមួយចំនួន នឹងអមដំណើរ លោក បណ្ឌិត ទេសរដ្ឋមន្ត្រី ដើម្បីចូលរួមជាវាគ្មិនក្នុងព្រឹត្តិការណ៍អម ស្តីពីភាពជាដៃគូនៃវិស័យឯកជនឆ្ពោះទៅរក ពិភពលោកមួយដែលគ្មានមីន ដែលសហគមន៍អន្តរជាតិបានចាត់ទុកកម្ពុជាជាករណីជោគជ័យមួយដោយ មានវិស័យឯកជន បានចូលរួមយ៉ាងសំខាន់ក្នុងវិស័យសកម្មភាពមីន ៕ 

ដោយ ៖ សិលា


ចែករំលែក៖