ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត។
សូមជម្រាបជូនថា ប្រព័ន្ធធារាសាស្ត្ររំដោះទឹកស្ទឹងព្រែកត្នោត ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញពិនិត្យនាព្រឹកថ្ងៃនេះមានចំនួន៣ រួមមាន៖
*១៖ គម្រោងស្ទឹងតូច៖ គម្រោងនេះ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨.៥ម៉ែត្រ និងមានកម្ពស់ ៧.៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។
គម្រោងនេះ មានការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រគិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះ លូគ្រប់ប្រភេទចំនួន ៥៤កន្លែង ជួសជុលស្ពានចំនួន ១៣កន្លែង និងសាងសង់ទ្វារទឹក១កន្លែង។
ប្រព័ន្ធស្ទឹងតូចមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទីទៅទន្លេបាទី ធ្លាក់ទៅទន្លេបាសាក់។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៧០ភាគរយ។
*២៖ ប្រពន្ធ័ប្រឡាយជើងឯក៖ ប្រពន្ធ័ប្រឡាយជើងឯក ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌនដង្កោ រាជធានីភ្នំពេញ ដែលមានប្រវែងសរុប ២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី ៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន ៣កន្លែង (ស្ថានីយ៍សាក់សំពៅ ស្ថិតក្នុងភូមិកម្រែង សង្កាត់សាក់សំពៅ, ស្ថានីយអន្លង់គង ស្ថិតនៅភូមិ សិរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ និងស្ថានីយព្រែកជ្រៃ ស្ថិតក្នុងភូមិ ដូង សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
ក្នុងស្ថានីយ១កន្លែងបំពាក់ម៉ូទ័រ ៦គ្រឿង ទំហំមុខកាត់ទុយោ ១ម៉ែត្រ ដែលអាចបូមទឹកបាន ១៥ ទៅ ២០ម៉ែត្រគូប ក្នុង១វិនាទី។ ប្រព័ន្ធប្រឡាយនេះអាចដោះទឹកពីខណ្ឌកំបូលមួយផ្នែក ខណ្ឌដង្កោមួយផ្នែកធំ និងផ្នែកខ្លះនៃខណ្ឌមានជ័យ។
*៣៖ ការស្តារប្រឡាយព្រែកហូរ៖ ប្រឡាយព្រែកហូរ ដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចនៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលអាចរំដោះទឹកបាន ៥១៥ម៉ែត្រគូប ក្នុង១វិនាទី មានប្រវែង ៧.២គីឡូម៉ែត្រ។ ក្នុងនោះប្រឡាយរៀបថ្ម ៣.៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុង ៣.៧គីឡូម៉ែត្រ។ បរិមាណទឹកព្រែកហូរ ត្រូវធ្លាក់ចែកតាមព្រែកយាយជា ត្រង់ចំណុចភូមិព្រែកហូរកើត ២១៥ម៉ែត្រគូប ក្នុង១វិនាទី និងប្រឡាយភ្ជាប់លេខ៣ ត្រង់ចំណុចភូមិរការខ្ពស់ ២០០ម៉ែត្រគូប ក្នុង១វិនាទី ធ្លាក់ចូលបឹងរាន និងនៅសល់ ១០០ម៉ែត្រគូប ក្នុង១វិនាទី ហូរធ្លាក់ទៅទន្លេបាសាក់ ត្រង់ចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់។ គិតមកដល់ពេលនេះគម្រោងសម្រេចបានប្រមាណ ៩៥ភាគរយហើយ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសទឹកដីខណ្ឌដង្ហោ និងតំបន់ខ្លះទៀតក្នុងខេត្តកណ្តាល កំពង់ស្ពឺ ជាប់នឹងស្ទឹងព្រែកត្នោត តែងរងការជន់លិចយ៉ាងធ្ងន់ធ្ងរ។ ការជន់លិចដោយសារទឹកហូរធ្លាក់ពីជួរភ្នំឱរ៉ាល់ ជួរភ្នំក្រវាញ និងដោយសារផ្ទៃរងទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កាន់តែរួមតូច ដោយសារកំណើននៃសំណង់លំនៅឋាន និងតំបន់ពាណិជ្ជកម្មផ្សេងៗ។
ដើម្បីដោះស្រាយការជន់លិច ដែលជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចេញកញ្ចប់ថវិកាប្រមាណ ៣០០លានដុល្លារអាមេរិក កសាងប្រព័ន្ធធារាសាស្ត្ររំដោះ និងពង្វាងការជន់លិចនេះ។
ដោយឡែកគម្រោងធំៗចំនួន៩ កំពុងតែអនុវត្តន៍នាពេលបច្ចុប្បន្ន ដើម្បីដោះស្រាយការជន់លិចនេះ រួមមាន៖
*១៖ គម្រោងស្ទឹងតូច ជាគម្រោងបង្វែរទឹកមួយចំនួនធំចេញពីស្ទឹងព្រែកត្នោត ចូលទន្លេបាទី មានបណ្តោយ ៥១គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសងខាងផងដែរ។ គម្រោងនេះ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨.៥ម៉ែត្រ និងមានកម្ពស់ ៧.៥ម៉ែត្រ។
*២៖ គម្រោងស្ទឹងក្រោមបាតី ជាគម្រោងបង្វែរទឹកមួយចំនួនចេញពីទន្លេបាទី ចូលទៅបឹងជើងលង ក្បែរព្រលានយន្តហោះថ្មី មានបណ្តោយប្រមាណ ៧គីឡូម៉ែត្រ និងមុខកាត់ទទឹង១០០ម៉ែត្រ រួមនឹងខ្នងសងខាងផងដែរ។
*៣៖ ប្រព័ន្ធប្រឡាយជើងឯង គម្រោងនេះមានប្រឡាយ៥ខ្សែ (ប្រឡាយមេ៣ខ្សែ និងប្រឡាយតភ្ជាប់២ខ្សែ) និងស្ថានីយបូមទឹក២កន្លែង។ មានមុខងាររំដោះទឹកផ្នែងខាងលិច-ត្បូងរាជធានីភ្នំពេញ (ភូមិសាស្ត្រខណ្ឌកំបូលខ្លះ ខណ្ឌដង្កោ និងផ្នែកខ្លះនៃខណ្ឌមានជ័យ) មានបណ្តោយសរុប ២៦.៥គីឡូម៉ែត្រ និងមុខកាត់ទទឹង៣៥-៥០ម៉ែត្រ រួមនឹងខ្នងសងខាងផងដែរ។
*៤៖ ប្រឡាយ៩៦ គម្រោងនេះមានមុខងាររំដោះទឹកផ្នែកខាងលើព្រលានយន្តហោះថ្មីផង នាំទឹកចេញពីស្ទឹងព្រែកត្នោតត្រង់ម្តុំព្រែកហូរ ទទួលទឹកពីព្រែកកំពឹស ប្រឡាយ៦២ និងតំបន់ x1 វាងព្រលានចូលទៅដល់ព្រែគង់ និងចូលទៅបឹងជើងលោង តំបន់ក្រាំងយ៉ូវ មានបណ្តោយសរុប ១៤គីឡូម៉ែត្រ និងមុខកាត់ទទឹង ៨០ម៉ែត្រ រួមនឹងខ្នងសងខាង។ គម្រោងនេះ រំលែកទឹកជំនន់មួយភាគធំចេញព្រែកហូរ និងភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាង។
*៥៖ ព្រែកគង់ គម្រោងនេះ មានមុខងាររំដោះទឹកភ្នែកខាងក្រោមព្រលានយន្តហោះថ្មីផង នាំទឹកចេញពីប្រឡាយ៩៦ ម្តុំស្អាងភ្នំ តំបន់ស្អាង តំបន់កោះខែល ហូរចូលទៅដល់ព្រែកអំបិល និងទៅវៀតណាម មានបណ្តោយសរុប ២០គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសងខាងផងដែរ។ គម្រោងនេះ ទទួលទឹកបន្តពីប្រឡាយ៩៦ និងតំបន់ជុំវិញរហូតព្រែកអំបិល និងចូលទៅសមុទ្រ ហើយភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាងរបស់វា។
*៦៖ ព្រែកពាមសត្ថា គម្រោងនេះ មានព្រែកពាមសត្ថា និងប្រឡាយបឹងតាមោកពីរខ្សែ មានមុខងារនាំទឹកចេញពីបឹងតាមោក ចូលទៅទន្លេសាប ត្រង់ស្ពានពាមសត្ថាក្នុងស្រុកពញាឭ មានបណ្តោយសរុប ១៨.៧គីឡូម៉ែត្រ និងមុខកាត់ទទឹង ១០០ម៉ែត្រ រួមទាំងខ្នងសងខាងផងដែរ។ គម្រោងនេះប្រមូលទឹកចេញពីបុរីនៅតាមបណ្តោយមហាវិថីសំរោង ហើយភ្ជាប់បណ្តាញគមនាគមន៍តាមរយៈខ្នងសងខាង។
*៧៖ ប្រឡាយរលាំងជ្រៃ-ស្លាគូ គម្រោងនេះបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ ផ្ទៃរងទឹកភ្លៀងស្របប្រឡាយ។ ជាពិសេសសង្គ្រោះផ្លូវជាតិលេខ៣ រហូតដល់ស្ទឹងស្លាគូ ព្រមទាំងអាចស្រោចស្រពប្រមាណ ៧,៥០០ហិកតា និងអាចផ្គត់ផ្គង់ទឹកដល់ការផលិតទឹកសុវត្ថិភាពសម្រាប់ប្រើប្រាស់ និងភ្ជាប់បណ្តាញគមនាគមន៍ក្នុងតំបន់គម្រោងតាមរយៈខ្នងសងខាង។
*៨៖ ប្រឡាយ៥៩ និង៩០ គម្រោងនេះ មានមុខងាររំដោះទឹក ផ្នែកខាងលើព្រលានយន្តហោះថ្មី និងរំដោះទឹកមួយផ្នែកចេញពីផ្លូវជាតិលេខ២ មានបណ្តោយសរុប ១៨.៨គីឡូម៉ែត្រ និងមុខកាត់ទទឹង ៣២ម៉ែត្រ ទៅ៤០ម៉ែត្រ រួមទាំងខ្នងប្រឡាយសងខាង។
*៩៖ អូរខ្សាច់ ជាគម្រោងភ្ជាប់ពីរលាំងជ្រៃខាងជើង ទៅដល់បឹងតាមោកតាមរយៈអូរខ្សាច់ ដើម្បីបង្វែរទឹកមួយផ្នែកចេញពីស្ទឹងព្រែកត្នោតដោះស្រាយក្នុងគោលដៅកាត់បន្ថយការជន់លិចរាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្ទៃរងទឹកភ្លៀងស្របប្រឡាយផង។ ជាពិសេសគម្រោងនេះភ្ជាប់បណ្តាញគមនាគមន៍ក្នុងតំបន់គម្រោងតាមរយៈខ្នងសងខាង៕
ដោយ៖ តារា