ភ្នំពេញ៖ នៅវេលាម៉ោង១២យប់រំលងអធ្រាត្រឆ្លងចូលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥ កម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះឡោមព័ន្ធទីតាំងក្លិបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការណ៍ និងស៉ើបអង្កេតច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើ សេវាផ្លូវភេទពិតប្រាកដ។ ដូច្នេះដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ទ្ធ ចុះបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីភាគច្រើនជាយុវវ័យ ចំនួន ១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។
ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សូរិយា